ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះពលរដ្ឋយប់មិញអស់២ខ្នងទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅចំណុចក្រុមទី៨ ភូមិឡលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោរសន្ធៅ និងអស់ខ្ទេចអស់ទាំងស្រុង នៅវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើបានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ដោយម្ចាស់ផ្ទះទី១ ឈ្មោះ ឡេ យ៉ាំងទៀង ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ជនជាតិវៀតណាម បុខរបរមិនពិតប្រាកដ (ផ្ទះបានឆេះចេញដំបូង) (ឆេះផ្ទះអស់ទាំងស្រុង) ដោយផ្ទះសង់បីឈើប្រក់សង្កសី / ទី២ ម្ចាស់ផ្ទះឈ្មោះ ឱម វាន់ថា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ទីលំនៅកន្លែងកើតហេតុផ្ទះលេខ ៥១៩C ផ្ទះឈើប្រក់ស័ង្កសី បានឆេះទាំងស្រុង និងអណ្តាតភ្លើងបានរោលចំនួន ៣ផ្ទះទៀតតែមិនបណ្តាលឲ្យខូចខាតទេ ហើយមូលហេតុបណ្តាលឲ្យឆេះនោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ។

សមត្ថកិច្ចបានបន្តថា ករណីអគ្គិភ័យនេះបានប្រើប្រាស់រថយន្តទឹកពន្លត់អស់ ០៨គ្រឿង ដោយប្រើពេលវេលា១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ និងមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេលឺសម្លេងផ្ទុះ ដូចជាទុស្សេខ្សែភ្លើងចេញម្ចាស់ផ្ទះទី១ ឈ្មោះ ឡេ យ៉ាំងទៀង ហើយក៏ចេញជាអណ្ដាតភ្លើងកើតឡើងយ៉ាងសន្ធោរសន្ធៅតែម្ដង ដោយអំឡុងពេលនោះ ប្រជាពលរដ្ឋដែលរស់នៅជិតខាងក៏បានរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ តែភ្លើងបានឆេះខ្លាំងពេក ទម្រាំរថយន្តពន្លត់អគ្គិភ័យមកដល់ ក៏ត្រូវបានឆេះអស់ចំនួន២ខ្នងទៅហើយ ៕ ជឹម ភារ៉ា


ចែករំលែក៖