ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលខ្លួនឯងដោយសង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦និង៣០នាទី​ ថ្ងៃទី ៥ សីហា ២០១៨ នៅចំណុច បន្ទប់ជួល លេខ៣ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សព​មានឈ្មោះ ឆៃ​ រ៉ា​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នាំ​ មុខរបរ​រៀន​កូរ៉េ​ និង​ធ្វើការ​សំណង់​ ស្នាក់នៅ​ភូមិ​ ប៉ប្រកខាងត្បូង​ សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ ត្រពាំង​ឈូក​ ឃុំ​ជ្រលង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ។

តាមការបំភ្លឺ របស់ប្អូនស្រីសពមានឈ្មោះ​ ឆៃ​ សារ៉េត​ ភេទស្រី​ អាយុ​ ១៧ឆ្នាំ​មុខរបរ​រោងចក្រ​ បានឲ្យដឹងថា បងប្រុស(សព) រួមជាមួយខ្លួន(ប្អូនស្រី)កាលពីល្ងាចម្សិល ថ្ងៃទី៤ សីហា ២០១៨ បានទៅលេងនៅផ្ទះបងប្រុសម្នាក់ទៀត ឈ្មោះ ឆៃ​ វ៉ា​ អាយុ ៣៤ឆ្នាំ​ ស្នាក់នៅក្បែរគ្នា ក្នុងភូមិកើតហេតុ រួចបានហូបចុកជុំគ្នាច្រើនគួរសម ។ លុះដល់ព្រឹកឡើងថ្ងៃទី ៥ សីហា ២០១៨ ខ្លួនបានចេញ ទៅធ្វើការថែមម៉ោងថ្ងៃអាទិត្យ ដោយបងប្រុស សម្ងំដេកក្នុងបន្ទប់ជួល រហូតដល់ម៉ោងជាង១១ ព្រឹក ខ្លួនបាន ខល ទូរស័ព្ទ មកបងប្រុស តែ មិនឃើញលើកទទួល ។ លុះដល់ម៉ោង ១៦និង៣០នាទី ខ្លួនបានចេញពីធ្វើការមកដល់បន្ទប់ បើកទ្វារចូល តែចូលមិនបាន ខ្ទាស់គន្លឹះខាងក្នុង ហើយហៅបងប្រុសមិនឆ្លើយតប ទើបខ្លួនបានហៅបងប្រុសឈ្មោះ ឆៃ វ៉ា មកជួយគាស់កាត់សោទ្វារ ចូលមើលស្រាប់តែឃើញ ជនរងគ្រោះសព ដេកស្លាប់បាត់ទៅហើយ ដោយក្បាលចូលក្រោមគ្រែបន្តិច រីឯជើង ទល់មកទ្វារបន្ទប់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្តែងហើយបានបញ្ជក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គររួចក៏ប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖