ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កការភ្ញាក់ផ្អើលនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពស្អុយរលួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកក្នុងស្ទឹងព្រែករាំង បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ អ៊ុក ចាន់តារា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ អ៊ុក ណែម ត្រូវជាម្ដាយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាកូនគឺជាមនុស្សមានជម្ងឺសសៃប្រសាទ (សតិមិនគ្រប់) លុះមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ស្រ្តីជាម្ដាយបានយកកូន(ជនរងគ្រោះ) មកព្យាបាលជំងឺនៅផ្ទះឈ្មោះ សែម រ៉ុង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ លុះមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានដាច់ចង្វាក់ដាក់ជើងមិនដឹងរត់ទៅកន្លែងណារកមិនឃើញ ម្តាយក៏វិលត្រឡប់ទៅផ្ទះវិញ។ រហូតថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៤៥នាទី ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងស្ទឹងព្រែករាំង ឃុំទឹកវិល ក៏ភ្ញាក់ផ្អើលនិរាយការណ៍ជូនសមត្ថកិច្ច ចុះមកត្រួតពិនិត្យ រួចសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖