ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី៥សីហាម្សិលមិញនេះ មានការចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ធ្វើឡើងនៅចំណុចបឹងB6 ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបានខ្ចៅ រកាអារ ក្រុមប្រឹក្សាឃុំខ្ចៅ ។
លោកអធិការនគរបាលស្រុកកងមាសឲ្យដឹងថា «ការបង្ក្រាបធ្វើឡើងកាលពីវេលាម៉ោង៧ ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ។ លោកថា ជាលទ្ធផលបង្ក្រាបបានលូស្បៃមុងចំនួន ២៧មាត់ រ៉ាវចំនួន២៨មាត់ របាំងព្រួលចំនួន១,៦៥០ម៉ែត្រ និងលែងកូនត្រីចូលក្នុងបឹង ធម្មជាតិវិញចំនួនប្រហែល៥២០គីឡូក្រាម» ។
លោកបញ្ជាក់ថា «ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើក្រោមការសម្របសម្រួល ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ចាម» ។
លោកអធិការអះអាងថា «ក្រោយបង្ក្រាបនិងចាប់យកឧបករណ៍ កម្លាំងសមត្ថកិច្ចយើងបានបង្កើតគណៈកម្មការមួយ ដោយសម្រេចដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ខាងលើចោលនៅជាប់មាត់បឹងខាងជើងវត្តរកាអារ ស្ថិតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាសតែម្តងៗ ៕ វណ្ណៈ