ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៦ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេច ចេញដីកាឃុំខ្លួន បុរសម្នាក់លួចរថយន្តពីមិត្តភក្តិទើបស្គាល់បើករត់ ត្រូវនគរបាលស្រុកអង្គស្នួលសង្សយ័ធ្វើការដេញតាមឃាត់ខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច និងប្រើប្រាស់ ផ្លាកលេខសំគាល់យានជំនិះក្លែងក្លាយ” ដែលប្រព្រឹត្តនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៥ សីហា ២០១៨ តាមមាត្រា៣៥៣ ៣៥៦ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ជនត្រូវចោទមានឈ្មោះ ភិន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រមាត់ដី ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ ជនរងគ្រោះមានឈ្មោះផាន់ ណា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។
លោក មាន សំណាង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងបានប្រទះឃើញរថយន្តម៉ាកកាំមឺរីឆ្លាមពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2A-0621 និង ម៉ូតូម៉ាកសង់០១៨ មួយគ្រឿង ក៏ហៅសួរនាំ តែភ្លាមនោះក៏នាំគ្នាបើករថយន្ត និង ម៉ូតូគេចខ្លួនបាត់ ទើបកម្លាំងដេញតាមរហូតដល់ផ្សារថ្នល់ទទឹង ក៏ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ភិន សីហា នៅក្នុងរថយន្តមានវត្ថុតាងសោរខ្សៀ ០១ ដែកសំប៉ែតសំរាប់កាច់សោរ ០១ ដែកឆ្កិះសោរ ។ បន្ទាប់ពីធ្វើការសាកសួររួច តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភិន សីហា បានសារភាពថា ខ្លួនបានខ្ចីរថយន្តពីឈ្មោះ ផាន់ ណា ភេទប្រុសអាយុ ប្រហែល៣៥ឆ្នាំ នៅខាងមុខណាហ្គាភ្នំពេញ វេលាម៉ោង ០១ រំលងអាធ្រាត្រ ។ ពេលនោះខ្លួនបានបើក រថយន្តតែម្នាក់ឯងហើយឈ្មោះវុធ ជិះម៉ូតូម៉ាកសង់០១៨ ម្នាក់ឯងដែរ តាមឡានពីក្រោយជិះឈប់ៗ រហូតដល់ចំណុចកើតហេតុ ។ កន្លងមកជនសង្ឃ័យឈ្មោះ ភិន សីហា ធ្លាប់ប្រើប្រាស់សារធាតុញៀនជាង ១ឆ្នាំហើយ និងឈ្មោះផាន់ ណា ឈ្មោះ វុធ ធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយគ្នា នៅតាមផ្ទះសំណាក់មិនចាំឈ្មោះម្តុំទួលសង្កែរ៕ ឆ ដា