ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនកម្ពុជាចាប់ផ្តើមស្រលាញ់សុខភាពតាមរយៈការថែទាំសុខភាព ពិសេសការហាត់ប្រាណ។ Decathlonក្រុមហ៊ុនលក់សម្លៀកបំពាក់និងសម្ភារៈកីឡារបស់ប្រទេសបារាំងបានប្រកាសពីគោលបំណងក្នុងការជួយជំរុញឲ្យកម្ពុជាក្លាយជាកន្លែងលេងកីឡាដ៏សម្បូរបែប។
ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី០៦ខែសីហានេះក្នុងឱកាសដែលក្រុមហ៊ុនលក់សម្លៀកបំពាក់និងសម្ភារៈកីឡារបស់ប្រទេសបារាំងបានប្រកាសបើកដំណើរការហាងដ៏ធំបំផុតនៅកម្ពុជា ដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីសំណាក់មន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងមន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជាចូលរួមផងដែរ។
លោកGuillaume Cutuliនាយកប្រតិបត្តិនៃក្រុមហ៊ុនDecathlonប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា«យើងបានបំពេញការងារនៅប្រទេសកម្ពុជាជាងប្រាំពីរឆ្នាំមកហើយដែលបានផ្តោតសំខាន់ទៅលើការគ្របគ្រងការផលិតសម្ភារៈកីឡារបស់យើងជាមួយនឹងក្រុមហ៊ុនដៃគូឧស្សាហកម្មនានានៅក្នុងស្រុក។លោកបានបន្តថា«ដោយហេតុថាប្រជាជនកម្ពុជាទូទៅទាំងប្រុសទាំងស្រីសុទ្ធសឹងតែនិយមលេងកីឡាម្យ៉ាងទៀតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខព្រមទាំងតម្រូវការអតិថិជនកំពុងមានការកើនឡើងទៀតនោះបានផ្តល់ឱកាសដ៏ស័ក្តិសមបំផុតក្នុងការវិនិយោគទៅលើការបើកហាងលក់ទំនិញនៅក្នុងប្រទេសមួយនេះ»។លោកGuillaume Cutuliបានបញ្ជាក់ថា«យើងចង់ធ្វើឲ្យDecathlon ក្លាយជាស្លាកសញ្ញាដែលទទួលបានការចូលចិត្តនិងពេញនិយមនៅក្នុងប្រទេសកម្ពុជា។គោលដៅធំបំផុតរបស់យើងគឺការចែកចាយសម្ភារៈកីឡាជាច្រើនប្រភេទជាមួយនឹងតម្លៃទាបសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជាដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប» ។
Decathlon កម្ពុជាក៏គ្រោងនឹងវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុកដែលនឹងអនុញ្ញាតិឲ្យអតិថិជនគ្រប់រូបអាចជាវផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។ហាងទំនិញរបស់យើងក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ«ការលក់គ្រប់បែប»ដើម្បីជម្រុញឲ្យមានកិច្ចការទំនាក់ទំនងនិងការផ្តល់ជូនសេវាកម្មដ៏ល្អប្រសើរជូនអតិថិជន។ដោយសារតែអាកប្បកិរិយានិងការរំពឹងទុករបស់អតិថិជនមានការផ្លាស់ប្តូរជាប្រចាំយើងចង់ផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ជោះជូនអតិថិជនទាំងនៅហាងផ្ទាល់និងទីផ្សារអនឡាញ។
Decathlon កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងសហគមន៍ក្នុងតំបន់ដោយធ្វើការវិនិយោគទៅលើកម្មវិធីអភិវឌ្ឍសហគមន៍និងការបង្កើតភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។ក្រុមហ៊ុនក៏បានជ្រើសរើសយុវជនដែលឋិតក្រោមតំបន់អាទិភាពដើម្បីទទួលបានឱកាសការងារពីក្រុមហ៊ុនក្រោយពីបានឆ្លងកាត់ការហ្វឹកហាត់ជាច្រើនលើកច្រើនសារ។
គួរបញ្ជាក់ដែរថាDecathlon ដែលជាក្រុមហ៊ុនលក់សម្ភារៈកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំបំផុតនៅលើពិភពលោកកំពុងតែបោះជំហ៊ានបន្តទៅមុខដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួនដែលថា«ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា» ខណៈក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយនេះនឹងបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី១១ខែសីហាខាងមុខនេះ។ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំសម្បើមមួយនេះដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ១៩៧៦សព្វថ្ងៃមានហាងទំនិញជាង១៣០០ហាងនិងដំណើរការក្នុង៤២ប្រទេសផ្សេងៗទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ានហើយក៏ជាហាងទំនិញដំបូងបំផុតដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធនៅប្រទេសកម្ពុជា។ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀតDecathlon គ្រោងនឹងពង្រីកខ្លួននៅរាជធានីភ្នំពេញហើយបន្ទាប់មកទៀតគ្រោងនឹងបន្តពង្រីកបន្ថែមនៅតាមខេត្តក្រុងនានានៅក្នុងប្រទេសដូចជាខេត្តសៀមរាបជាដើម។ជាការពិតណាស់ចាប់តាំងពីឆ្នាំ២០១១មកDecathlon បានបង្កើនការផលិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយដៃគូផ្នែកផ្គត់ផ្គង់ដែលបានវិនិយោគជាមួយក្រុមការងារក្នុងស្រុកដើម្បីធ្វើការគ្របគ្រងគុណភាពការផលិតក៏ដូចជាការធានាឲ្យបាននូវការគោរពក្រមប្រតិបត្តិក៏ដូចជាលក្ខខណ្ឌការងារទៅលើទីតាំងដៃគូខុសៗគ្នារបស់ពួកគេ៕ វឌ្ឍនា