ខេត្តរតនគិរីៈ បុរសម្នាក់ជាប្តីរងរបួសកែងជើងយ៉ាងធ្ងន់ធ្ង ដោយសារប្រពន្ធរើសយកកាំបិតគប់តបវិញ ខណៈ ដែលប្តីប្រពន្ធមួយគូនេះមានជម្លោះក្នុងគ្រួសារហើយឈានដល់មានអំពើហិង្សាដោយចេតនាបានកើតឡើង ។
ហេតុការណ៍ប្តីប្រពន្ធមានអំពើហិង្សាយកកាំបិតគប់គ្នានេះបានកើតឡើងនៅវេលាម៉ោង៨.២០នាទីព្រឹក ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅភូមិតាបូកឃំុតាវែងលើស្រុកតាវែង ខេត្តរតនគិរី ។
ប្រភពពីនគរបាលស្រុកតាវែងបានឲ្យដឹងថាប្តីជាជនរងគ្រោះមានឈ្មោះ កោះ រោះ អាយុ៣៥ឆ្នាំ បានរងរបួសធ្ងន់ ត្រង់កែងជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
ឯប្រពន្ធសមត្ថកិច្ចមិនបង្ហាញអត្តញ្ញាណនៅឡើយទេ ។
ប្រភពបន្តថាមុនពេលកើតហេតុប្រពន្ធបានដាស់ប្តី ដែលកំពុងតែដេកលងលក់ឱ្យក្រោកឡើងទៅទិញម្ហូប ។
ពេលនោះប្តីបានខឹងសម្បារមកលើប្រពន្ធ ដែលដាស់ខ្លួននោះក៏កើតការមួរម៉ៅយ៉ាងខ្លាំងរួចក៏ចាប់ទាញយកកាំបិតគប់ទៅលើប្រពន្ធតែម្តង ។
តែប្រពន្ធបានគេចផុតគប់ខុសហើយប្រពន្ធក៏រើសយកកាំបិតគប់វិញតែម្តងចំកែងជើងខាងឆ្វេងហូរឈាមស្រោចពេញដី ហើយដើរទៅមន្ទីរពេទ្យព្យាបាលដោយខ្លួនឯង ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ដែរតែក្រោយមកប្តីបានសម្របសម្រួលបញ្ចប់រឿងដោយសារប្តីដឹងខ្លួនឯងខុសហើយសមត្ថកិច្ចក៏ត្រឡប់ទៅកន្លែងវិញដែរ៕ ជីវ័ន្ត