ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រសេងយ៉ាវ១៤០០នាក់ធ្វើកូដកម្មមិនចូលធ្វើការ ខណៈថៅកែ ​រោងចក្រកាត់ប្រាក់ខែ ក្នុងថ្ងៃបោះឆ្នោត២ថ្ងៃ និងទាមទារលក្ខខណ្ឌ១៣ចំណុច

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្រុមកម្មករកម្មការិនីរោងចក្រផលិតអំពូលភ្លើង “សេង យ៉ាវ” ប្រមាណ១៤០០នាក់មិនព្រមចូលបម្រើការងារខណះបន្តធ្វើកូដកម្ម អស់រយៈពេលពីរថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នេះស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយថៅកែរោងចក្រខាងលើកាត់ប្រាក់ខែ ក្នុងថ្ងៃបោះឆ្នោត២ថ្ងៃនិងទាមទារនូវលក្ខខណ្ឌមួយចំនួនផងដែរ ។

យោងតាមតំណាងកម្មករបម្រើការនៅរោងចក្រខាងលើ បានឲ្យ​ដឹងថា ការធ្វើកូដកម្មនេះ គឺ​ពួកគាត់ទាមទារឲ្យ​ខាងថៅកែរោងចក្រខាងលើ នូវលក្ខខណ្ឌ ១៣ចំណុច តែករណីសំខាន់មានតែ៤ចំណុចទេ ដែលក្រុមកម្មករចង់បាន ៖ ទី១.សុំឲ្យ​ជ្រើសរើសសហជីពដោយខ្លួនឯងក្នុងរោងចក្រ ទី២. សុំដោះស្រាយរឿងកាត់លុយរយៈពេល២ថ្ងៃ គឺថ្ងៃបោះឆ្នោត ទី៣. សូមកុំឲ្យក្រុមហ៊ុនធ្វើខុសនឹងគោលការណ៍ច្បាប់កំណត់ ដូចជាថ្ងៃចូលពិធីសំណេះសំណាសជាមួយលោកជំទាវ មែន សំអន ក្រុមហ៊ុនឲ្យតែកម្មករពេញសិទ្ធិទៅចូលរួម ចំណែកកម្មករមិនពេញសិទ្ធិមិនអនុញ្ញាតឲ្យទៅចូលរួម ហើយកាត់ប្រាក់ឈ្នួលថែមទៀត ។

ប្រភពបន្តថា ដោយឡែកលក្ខខណ្ឌចំនួន១០ទៀតរួមមាន ៖

១ កុំកៀបសង្កត់កម្មករពេលថែម៉ោង

២ សូមកុំបញ្ឈប់កម្មករដោយគ្មានមូលហេតុ

៣ សូមឲ្យក្រុមហ៊ុនដោះស្រាយ​បញ្ហាដូចជា បញ្ហាសុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់មិនស្អាត

៤ សូមឲ្យក្រុមហ៊ុនបន្ថាយចំនួនសម្ភារផលិត

៥ សូមលុយជំនាញបន្ថែម

៦ សូមឲ្យក្រុមហ៊ុនផ្ដល់លុយសុខភាព

៧ ស្នើសុំកម្មករជំនាញធ្វើការបាន២ខែ សុំចូលជាកម្មករពេញសិទ្ធិ

៨ សូមក្រុមហ៊ុនអនុញ្ញាត​ឲ្យកម្មករប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំនៅមានធុរៈផ្សេងៗ

៩ សូមឲ្យក្រុមហ៊ុន​អនុញ្ញាតច្បាប់កម្មការិនីមានផ្ទៃពោះទៅពិនិត្យសុខភាព១ម្ដង ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល

១០ ពេលបញ្ឈប់កម្មករចេញពីការងារ សូមឲ្យបើកប្រាក់ឈ្នួល មិនឲ្យលើសពី៤៨ម៉ោង និងក្រុមហ៊ុនធ្វើការបន្ថែមម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃចុងខែ ។

ពាក់ពន្ធ័និងករណីនេះនគរវត្តមិនអាចសុំការបំភ្លឺណាមួយពីថៅកែរោងចក្រក៏ដូចជារដ្ឋបាលរោងចក្រសេងយ៉ាវបានទេនារសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៨នេះ ៕ យឹម សុថាន


ចែករំលែក៖