ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងកំពុងជន់លិចភូមិឋានអ្នកស្រុករវៀង ខណៈអាជ្ញាធរកំពុងជួយសង្គ្រោះប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លំនៅឋានដែលមានប្រជាពលរដ្ឋរស់នៅ២០គ្រួសារ ស្ថិតក្នុងភូមិចំនួនពីរគឺភូមិបង្កន និង ភូមិស្រែ ក្នុងស្រុករវៀងកំពុងទទួលរងនូវការគំរាមពីជំនន់ទឹកភ្លៀងជន់លិចដោយកន្លែង ខណៈផ្លូវមួយចំនួនទៀតកំពុងត្រូវបានទឹកហូរកាត់លិច ។ ជាក់ស្តែងប្រជាពលរដ្ឋត្រូវបានអាជ្ញាធរជម្លៀសចេញពីតំបន់ដែលគ្មានសុវត្ថិភាព ។ នេះបើគិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ។

លោក ហោ ប៊ុន ហួរ អភិបាលស្រុករវៀងឲ្យដឹងថា «ប៉ុន្មានថ្ងៃនេះភ្លៀងបានបន្តធ្លាក់បន្តបន្ទាប់ ជាហេតុធ្វើឲ្យផ្ទះសម្បែង មនុស្ស សត្វ ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព ចាកចេញពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ។ លោកថា សន្ទុះទឹកបានកើនឡើងខ្លាំងបណ្តាលឲ្យលិចក្រោមផ្ទះ និងផ្លូវនានាក្នុងភូមិត្រូវ ទឹកជន់លិច ប៉ុន្តែមិនបង្កឲ្យមានបាត់បង់អាយុជីវិតមនុស្សឡើយ» ។

លោកអភិបាលស្រុកបន្ថែមថា « ទឹកជន់លិចភូមិឋានប្រជាពលរដ្ឋ គឺបណ្តាលមកពីទឹកភ្លៀង មិនមែនមកពីទឹកជន់ឡើងពីស្ទឹងសែននោះទេ ។ ដូច្នេះបើសិនភ្លៀងនៅតែបន្តធ្លាក់ខ្លាំងទៀតទឹកនឹងបន្តឡើង ជន់លិចភូមិ ឋានប្រជាពលរដ្ឋនឹងជួបបញ្ហា ។ លោកបានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃខែដដែលនេះ ទឹកចាប់ផ្តើមស្រក បន្តិចម្តងៗហើយ។ ប៉ុន្តែលោកនឹងដឹកនាំកម្លាំងចុះទៅតាមដាននៅទីនោះជាប្រចាំ ដើម្បីត្រៀមនិងទប់ស្កាត់ ជួយសង្គ្រោះជីវិត មនុស្ស សត្វ ឲ្យទាន់ពេល»។

នៅគ្រានេះដែរ លោកអភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកមានកូនតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន កុំឲ្យក្មេងលេងទឹក ងាយនឹងគ្រោះថ្នាក់ និងប្រយ័ត្នសត្វអសិរពិសផ្សេងៗ បើមានអ្វីប្រែប្រួលត្រូវ ផ្ដល់ដំណឹងមកសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដែលនៅជិតលោកអ្នក ៕ វណ្ណៈ


ចែករំលែក៖