ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញចាក់ដីលុបបឹងនៅកៀនស្វាយកំពុងធ្វើឲ្យប្រជាពលរដ្ឋរិះគន់

ចែករំលែក៖

ខេត្តកណ្តាល៖ ស្របពេល ដែលផ្លូវលេខ១១៦A ដែល ប្រជាពលរដ្ឋ តែងតែហៅថាផ្លូវស្រែអំពិល តភ្ជាប់ពីផ្លូវជាតិលេខ១ ចំណុចឃុំដីឥដ្ឋ ទៅកាន់ផ្លូវ លេខ១១០ ចំណុចឃុំឈើទាល ស្រុកកៀនស្វាយ ស្ថាបនាបាន៩៥ភាគរយហើយនោះ ពេលនេះ បានធ្វើឲ្យឈ្មួញចាក់ដីកំពុងតែបង្កភាពអនាធិបតេយ្យលើផ្លូវ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះ បើអ្នកដំណើរបើកម៉ូតូកាត់ពេលមេឃភ្លៀងប្រាកដជាជួបគ្រោះថ្នាក់ចរាចរជាមិនខាង ។

ដូចឃើញក្នុងរូបភាពនេះ កំណាត់ផ្លូវលេខ១១៦A ស្ថិតនៅមុខការដ្ឋានចាក់ដីដ៏ធំមួយកន្លែង ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ពោរពេញទៅដោយអាចម៍ដីកំពប់មួយចំហៀងផ្លូវ មើលកៅស៊ូក្រាលលើផ្លូវមិនឃើញទេ ឃើញតែអាចម៍ដី ដែលជ្រុះចេញពីរថយន្តដឹកដីធ្លាក់មកលើផ្លូវ ។ ពេញឃើញអាចម៍ដីកំពប់ពេញផ្លូវបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ ក៍ដូចជាអ្នកដំណើឆ្លងកាត់រិះគន់ទៅលើម្ចាស់ការដ្ឋានចាក់ដីលុបបឹង មិនគិតគូរពីសណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។

បុរសម្នាក់ ដែលធ្វើចំការនៅក្បែរការដ្ឋានចាក់បំពេញដីសុំមិនបញ្ចេញឈ្មោះបានប្រាប់ដូច្នេះថា អាចម៍ដី ដែលកំពប់ពេញផ្លូវនេះបានកើតមានយូរហើយខាងម្ចាស់ការដ្ឋានដូចជាមិនយកចិត្តទុកដាក់កើបប្រមូលចេញពីផ្លូវសោះទុកទាល់តែអាចម៍ឡើងក្រាស់ពេលភ្លៀងម្តងៗរអិលដួលបង្កគ្រោះថ្នាក់ដល់អ្នកជិះម៉ូតូ៣_៤ហើយតែមិនធ្ងន់ធ្ងរទេ ។ ដល់ពេលរាំងភ្លៀងដីហុយពេញផ្លូវ ពេញភូមិ បំពុលបរិស្ថានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ប៉ះពាល់ដល់ផ្លូវដង្ហើម ។ ពេលខ្លះក្រុមរថយន្តដឹកដីនៅក្នុងការដ្ឋានធ្វើសកម្មភាពដឹកជញ្ជូនដីទាំងភ្លៀង ទាំងដីនៅសើម ទង្វើបែបនេះហើយ ដែលធ្វើឲ្យអាចម៍ដីធ្លាក់ជ្រុះមកលើផ្លូវពេញមួយចំហៀង បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ ព្រោះអ្នកបើកបរម៉ូតូមិនអាបើកបាននោះទេ ត្រូវបង្ខំចិត្តគេចចេញពីតំបន់គ្រោះ បែរជាទៅជួបគ្រោះថ្នាក់ដ ដែលដោយសារបើកចូលគន្លងផ្លូវភាគីម្ខាងទៀត ។

នៅចុងក្រោយអ្នកភូមិស្រែអំពិលស្នើសុំឲ្យអាជ្ញាធរឃុំ_ស្រុក ជាពិសេសលោកអភិបាលខេត្តកណ្តាលជួយមានវិធានការចំពោះម្ចាស់ទីតាំងការដ្ឋានចាក់ដីនេះផង ៕ សណ្តោស


ចែករំលែក៖