ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តទំនើបម៉ាក FORD RANGER ជ្រុលទៅបុករថយន្តលាយស៊ីម៉ង់ត៍ដែលកំពុងសាងសងអគារ យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅជាប់របង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅជាប់ផ្លូវទីតាំងកើតហេតុខាងលើ គឺមានអគារដ៏ធំកំពុងមួយកំពុងសាងសង់ និងមានរថយន្តលាយស៊ីម៉ង់ត៍ជាច្រើនគ្រឿងបានបើកមកចតនៅកណ្ដាលផ្លូវ ដែលជាកន្លែងកើតហេតុ ដើម្បីចាក់បំពេញអគារដ៏ធំនេះ ។ ក្នុងនោះដែលក៏មានគេដាក់ស្លាកសញ្ញាបង្ហាញផ្លូវដេរ តែពេលនោះ ក៏ស្រាប់តែមានរថយន្តទំនើបម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y- 3122 ដែលបើកបរដោយបុរសម្នាក់ មានសន្ថានភាពស្រវឹង និងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿននិងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តលាយស៊ីម៉ង់ត៍ ពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ និងគៀបជាប់ទៅមុខលេងរួច ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗ ម្ចាស់រថយន្តFORD RANGERបានគេចខ្លួនបាត់ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ