ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មានកុងត្រូលជជុះមួយ ស្ថិតក្នុង​ស្រុកវាលវែង

ចែករំលែក៖

នៅគ្រាដែលរាជរដ្ឋាភិបាល​ប្រកាសថា គ្មានឡើយកុងត្រូលជជុះនៅលើផ្លូវជាតិនោះ នាខេត្ត​ពោធិ៍សាត់ គេរាយការណ៍ថា មានកុងត្រូលជជុះមួយ​បាននិងកំពុងដំណើរការជាចំហរ ហើយវាក្លាយទៅជាកុងត្រូលស្របច្បាប់ ដែលកំពុងបោះទីតាំង នៅចំណុចអូរតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រុមកុងត្រូលជជុះនេះ​បានរើមកនៅចំណុចដំណាក់កន្សែង ស្ថិតក្នុងភូមិ ឃុំដដែល ។ គេមិនដឹងថា តើអាជ្ញាធរខេត្តពោធិ៍សាត់​បានជ្រាបថា មានកុងត្រូលជជុះនៅស្រុកវាលវែងនោះឬទេ ។

ចំណុចពិសេស​របស់កុងត្រូលជជុះនេះ​គឺត្រួតពិនិត្យ និងជំរិតទារប្រាក់តែ​ការជញ្ជូន​អនុផលព្រៃផល និងឈើតែប៉ុណ្ណោះ ។ កាលពីថ្ងៃទី​៦ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥៥ ក្រុមកុងត្រូលជជុះខាងលើ​បានឃាត់រថយន្តកន្ត្រៃ, រថយន្តសាំយ៉ុង និងរថយន្តហុកឡផងនោះបានប្រមាណជិត២០គ្រឿង ដែលពួកគេដឹកជញ្ជូនអនុផលព្រៃឈើ ។ ការបង្ក្រាបទ្រង់ទ្រាយធំ​បែបនេះ ក្រុមកុងត្រូលជជុះទាំងនោះ​ត្រូវគេអះអាងថា បាន​អប់រំណែនាំ និង​ធ្វើកិច្ចសន្យា មិនឲ្យក្រុមអ្នករកស៊ីទាំងនោះ​បន្តសកម្មភាពទៀតទេ ។ ប៉ុន្តែនាគ្រាកន្លងទៅ ក្រុមកុងត្រូលជជុះទាំងនេះ​បានជំរិតទារប្រាក់​ពីរថយន្តដឹកអនុផលព្រៃឈើ​មិនតិចនោះឡើយ ។ ដោយសារតែ​ការ​ជំរិតទារប្រាក់​ច្រើនពេកនោះហើយ ទើបបណ្តាលឲ្យមានអំពើហិង្សាមួយកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែសីហា កន្លងទៅថ្មីៗនេះ​បណ្តាលឲ្យមានរបួសអ្នកដឹកជញ្ជូនអនុផលព្រៃឈើនោះផង ។

ក្រុមអ្នករកស៊ីដឹកជញ្ជូន​អនុផលព្រៃឈើទាំងនោះនិយាយថា ជួនកាលពួកគេត្រូវចំណាយប្រាក់១០០ដុល្លារ ឬច្រើនជាងនេះ​ដើម្បីបង់ឲ្យសមត្ថកិច្ច ដែលឈរជើងនៅចំណុចខាងលើ ។ អ្នករកស៊ីមិនដឹងថា តើជាកុងត្រូលជជុះ ឬ​ជាកុងត្រូលស្របច្បាប់​យ៉ាងណានោះទេ ។ ប៉ុន្តែ​ក្រុម​អ្នកដាក់កុងត្រូលទាំងនេះ​បានឈរជើងយ៉ាងរឹងមាំ ហើយវាក្លាយទៅជាប៉ុស្តិ៍សមត្ថកិច្ច ដែលក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ និងអនុផលព្រៃឈើផ្សេងៗមិនអាចរំលងបាន ។ ទីបំផុត ពួកគេបានក្លាយទៅជាសមត្ថកិច្ចស្របច្បាប់ ដែល​ក្រុមអ្នករកស៊ីមិនអាចរំលងបានឡើយ ។ មិនថាអ្នកដឹកឈើ ឬអនុផលព្រៃឈើត្រូវតែ​ចូលទៅសែនព្រេនក្នុងតម្លៃរាប់សែនរៀលសម្រាប់ការដឹកអនុផលព្រៃឈើ​តាមគោយន្តកន្ត្រៃ, រថយន្តសាំយ៉ុង និង​រថយន្តហុកឡជាដើម ។

សមត្ថកិច្ច​ស្របច្បាប់នានា ដូចជារដ្ឋបាលព្រៃឈើ, នគរបាលសេដ្ឋកិច្ច… អាជ្ញាធរដែនដី មិនហ៊ានក្អកជាមួយក្រុម​កុងត្រូលជជុះទាំងនេះទេ ។ គេមិនដឹងថា តើ​ក្រុមកុងត្រូលជជុះ ដែលបោះទីតាំងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់នោះមានអំណាចមកពីណាទេ ។ ពួកគេមិនមែនជាក្រុមវាយឆ្មក់ម្តងម្កាលនោះឡើយ ។ ផ្ទុយទៅវិញ បានបោះទីតាំងជាប់លាប់ និងគ្រាន់តែប្តូរទីតាំងចម្ងាយពីគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ។ ករណីនេះ គេមិនដឹងថា តើអាជ្ញាធរខេត្តពោធិ៍សាត់​បានជ្រាប ឬទេថា នៅក្នុងមូលដ្ឋានស្រុកវាលវែង​មានកុងត្រូលជជុះ ឬយ៉ាងណានោះ ។ គេសង្ឃឹមថា ក្រសួងមហាផ្ទៃ​នឹងចាត់កម្លាំងទៅមើលកុងត្រូលជជុះនៅស្រុក​វាលវែងនោះផង ៕


ចែករំលែក៖