ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Highlander មួយគ្រឿង បានបើកក្នុងល្បឿនលឿន ហើយជ្រុលចង្តូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន២កង់ រីឯរថយន្តបង្ក បានរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ (ត្រង់ចំណុចទល់មុខមជ្ឃមណ្ឌលម៉ូឌែន៥)តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករួមដំណើរដោយនារីម្នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3577 តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន២កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំផងដែរ និងបែកធុងប្រេងហូរ ហៀរប្រេងពេញផ្លូវ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ប្រភពបន្ថែមទៀតថា ភ្លាមនោះគេឃើញបុរសដែលជាអ្នកបើករថយន្ត និងនារីជាអ្នករួមដំណើរជាមួយ បើកទ្វារចេញមក ដោយទុករថយន្តបង្កហេតុចោលនៅកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់គេចខ្លួនពីកន្លែងកើតហេតុបាត់តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមច្បាប់៕ ភារ៉ា ដង្កោ