ព័ត៌មានទាន់ហេតុការណ៍៖

ទំនប់​អាង​ស្តុ​ប​ទឹក​ស្រុក​អន្លង់វែង ​ត្រូវ​បាន​​បើក​បង្ហូរ​ចេញ​ដើម្បី​ជៀសវាង​ការ​ជន់​លិច

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ​មន្ត្រី​ជំនាញ​មន្ទីរ​ធនធាន​ទឹក​ ​បាន​បញ្ជាក់​ថា​ នៅ​តាម​បណ្ដា​អាង​ស្តុ​ប​ទឹក​ មួយ​ចំនួន​ក្នុង​ខេត្ត ​ត្រូវ​បាន​បើក​បង្ហូរទឹក​ចេញ​ខ្លះៗ​ ​និង​បណ្តា​អាង​ស្តុប​ទឹក​ផ្សេងៗ​ ទៀត​នៅ​ខ្វះ​ទឹក​សម្រាប់​រក្សាទុក ​នៅឡើយ​។

លោក ញឺន ​កួន ​ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ឲ្យ​ដឹងថា ​គិត​មក​ត្រឹម​ថ្ងៃទី​៨​ ខែសីហា ​ឆ្នាំ​២០១៨​នេះ ​នៅ​តាម​បណ្តា​អាង​ ដែល​បាន​រក្សា​ប្រភព​ទឹក​ទុក​សម្រាប់​ស្រោច​ស្រព​លើ​ដី​ស្រែ ​ផ្នែក​កសិកម្ម​មួយ​ចំនួន​នៅ​ក្នុង​បណ្តា​ស្រុក​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ​​ងាយ​រង​នូវ​ជំនន់​ទឹកភ្លៀង​ជន​លិច​ត្រូវ​បាន​មន្ត្រី​ជំនាញ​បើក​បង្ហូរទឹក​ចេញ​ខ្លះ ​និង​បណ្តា​អាង​ស្តុ​ប​ទឹក​ខ្លះ​ទៀត​ នៅ​ខ្វះ​ទឹក​មិន​គ្រប់គ្រាន់​ដើម្បី​រក្សាទុក​នៅឡើយ​ទេ​។

លោក​ បាន​បន្តថា​ ឆ្នាំនេះ ​ថ្វីត្បិតតែ​ស្ថានភាព​មាន​ភ្លៀង​ធ្លាក់​ នៅ​ផ្នែក​ខាងលើ​នៃ​ជួរ​ភ្នំ​ តាម​ព្រំដែន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ ក៏​ពិតមែន​ ក៏ប៉ុន្តែ​វា​មិន​ទាន់​មាន​ប្រភព​ទឹក​ធ្ងន់ធ្ងរ​ហូរ​ធ្លា​ក់​មក​ផ្នែក​ខាងក្រោម​ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង​និង​ផលដំណាំ​របស់​ប្រជាកសិករ​ដូច​ឆ្នាំ​មុនៗ​នោះទេ ​ទោះ​បី​នៅ​បណ្តា​ខេត្ត​ផ្សេងៗ ​កំពុង​ទទួលរង​នូវ​ការ​លិចលង់​យ៉ាងណាក៏ដោយ​នោះ​តែ​សំរាប់​ខេត្ត​ឧត្ដរមានជ័យ ​​​ស្ថានភាព​ពុំ​មាន​អ្វី​គួរ​ឲ្យបារម្ភ​នោះឡើយ​។

លោក ញឺន ​កួន ​​បាន​បន្ថែម​ថា ​នៅ​តាម​បណ្តា​អាង​ស្តុបទឹក​ក្នុងស្រុក​ជាប់​ព្រំដែន​ខ្លះ​ នៅ​មិន​ទាន់​មាន​ប្រភព​ទឹក​ហូរ​ចូល​ផ្ទៃ​អាង​នៅឡើយ​ដែរ​ និង​អាង​ស្តុ​ប​ទឹក​ខ្លះ​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​បើក​បង្ហូរទឹក​ចេញ​ជា​បណ្តើរៗ ​បាន​មួយ​ចំនួន​ខ្លះ ​ដើម្បី​បន្ត​ចូល​ទៅក្នុង​អាង​ស្តុ​ប​ទឹកធំៗ ​នៅ​ផ្នែក​ខាងក្រោម​។​ម្យ៉ាងទៀត​ ដើម្បី​ការពារ​នៅ​ពេល​ដែល​មាន​ប្រភព​ទឹក​ខ្លាំង​ចូលមក​ បើក​បង្ហូរ​ចេញ​មិនទាន់ ​ដែល​ជា​បញ្ហា​បង្ក​អោយ​មាន​ផល​ប៉ះពាល់​ដល់​ផល​ប្រ​យោ​ជន៍​ផ្សេងៗ​ដូច​ឆ្នាំ​មុនៗ​នោះ​ផងដែរ​។

ដោយឡែក​ក្នុង​នោះ​ មាន​អាង​ស្តុ​ប​ទឹក​បឹង​តា​ម៉ុក ​ស្រុក​អន្លង់វែង​ដែល​ជា​កន្លែង​ប្រភព​ទឹក​ដ៏​ធំ​មួយ​អាច​បង្ហូ​រ​ចល័ត​ទឹកបាន​នៅ​ពេល​មានការ​ជន​លិច​ នឹង​អាង​ស្តុ​ប​ទឹក​លេខ​០៥ (​សូន្យ​ប្រាំ​)​ ក្នុងស្រុក​ត្រពាំង​ប្រាសាទ​។

លោក​​ប្រធាន​មន្ទីរ​ធនធានទឹក ​បាន​បញ្ជាក់​ទៀត​ថា ​នៅ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​សព្វថ្ងៃនេះ​ ក្រៅពី​ប្រព័ន្ធ​ធារា​សាស្ត្រ​ធុនធំ​ ចំនួន​៣​កន្លែង​ និង​មាន​ប្រព័ន្ធ​ធារា​សាស្ត្រ​ធុន​​មធ្យម ​និង​ធុន​តូច​សរុប​ទាំង​អស់​ចំនួន​៧០​កន្លែង ​នៅ​តាម​បណ្តា​ស្រុក​នានា ​ក្នុង​ខេត្ត​ ​ដែល​កំពុងតែ​បម្រើ​អោយ​ផល​ប្រយោជន៍​​លើ​វិស័យ​កសិកម្ម ​ក្នុង​ខេត្ត​នេះ ៕ ប៉ែន នួន


ចែករំលែក៖