ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងកម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវបន្តតាមចាប់ក្រុមឆក់ទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋយ៉ាងសកម្មចំនួន៤នាក់ កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍្ត ១៣រោចខែទុតិយាសាធ ឆ្នាំច សំរិទ្ទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលក្រុមនោះធ្វើសកម្មភាពឆក់កាបូបពីបុរសជនជាតិចិនពេលយប់ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ខែឆ្នាំដដែល មានជនសង្ស័យមួយក្រុមបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីបុរសជនជាតិចិនម្នាក់បានសម្រេច និងវាយបណ្តាលឲ្យជនរងគ្រោះរងរបួសស្រាលភ្លាមនោះកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យល្បាតប្រទះឃើញក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈបក្ខពួករត់គេចខ្លួនអស់ ។
បន្ទាប់មកកម្លាំងនគរបាលនាំយកទៅសាកសួរលុះព្រឹកថ្ងៃទី៩ខែឆ្នាំដដែលកម្លាំងបាននាំខ្លួនជនសង្ស័យយកទៅបន្តតាមចាប់បក្ខពួកបន្តទៀតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀតដកហូតម៉ូតូម៉ាកlet’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG 5721 ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនាំខ្លួនយកទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌ ៕ សុខាសែនជ័យ