ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់លួចកាច់.កម៉ូតូ បានសម្រេច ម្នាក់ឡើងជិះចេញមិនទាន់ត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនរងគ្រោះជាម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋក្បែរខាងនាំគ្នាចាប់ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ រួចវាយទ្រមខ្លួនហើយប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលពួកគេធ្វើសកម្មភាពលួចកាច់.កម៉ូតូបានសម្រេច បន្ទាប់ពីម្ចាស់ទុកម៉ូតូនៅមុខផ្ទះ រួចឡើងជិះចេញទៅបាត់ម្នាក់និងម្នាក់ទៀតឡើងលើម៉ូតូមិនទាន់ ។

ករណីចោរលួចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោ១១និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៥៩៨ ចំណុចផ្ទះមុខផ្ទះកើតហេតុ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងម្នាក់ទៀតជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះឈ្មោះ សុខ យឿន ភេទប្រុស អាយុ៣៦ឆ្នាំ បាត់បង់ម៉ូតូមួយគ្រឿងស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរួចដើរទៅធ្វើការក្រោយមកជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច ភ្លាមៗនោះក៏ត្រូវគេឃើញទាន់ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យទាំង២នាក់នោះភ័យក៏ជិះម៉ូតូជនរងគ្រោះគេចខ្លួនទៅបាត់ម្នាក់ នៅសល់ជនសង្ស័យម្នាក់ខាងលើ ដោយសារឡើងជិះពីក្រោយមិនទាន់ ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋដេញតាមរហូតដល់ផ្លូវលំ ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់បានរួចនាំគ្នាវាយម្នាក់មួយដៃឡើងទ្រមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឫស្សីកែវ យកមកសារសួរតែម្តង ។

ក្រោយធ្វើការសាកសួរជនរងគ្រោះរួច ទើបដឹងថាករណីនេះកើតហេតុនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់១ ខណ្ឌទួលគោក ទើបសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទំនាក់ទំនងជាមួយនគរបាលខណ្ឌទួលគោក មកទទួលយកជនសង្ស័យទៅប៉ុស្តិ៍បឹងកក់១ ចាត់ការបន្តតាមនីតិវិធី ៕ស តារា


ចែករំលែក៖