ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងដែនជម្រកសីមា ស្ទាក់ចាប់រថយន្ត៤គ្រឿង ដកហូតឈើប្រណីត៤០ដុំ

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ រថយន្តផ្ទុកឈើប្រណីត ចំនួន៤គ្រឿងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍ស្រែឈូក និងជំនាញបរិស្ថានដែនជម្រកសត្វព្រៃសីមាស្ទាក់ចាប់ បានកាលពីវេលាម៉ោង១និង៨នាទី រំលង អធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព-ស​២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៨។

សមត្ថកិច្ចនគរបាលកែវសីមាបានឲ្យ ដឹងថា រថយន្តទាំង៤គ្រឿងនោះ ទី១-ម៉ាកសាំយ៉ុង ពណ៌ស្លែ គ្មានស្លាកលេខ ផ្ទុកឈើចំនួន១០ដុំ, ទី២-ម៉ាកសាំយ៉ុង ពណ៌​ទឹកប្រាក់ គ្មានស្លាកលេខ ផ្ទុកឈើ​ចំនួន១០ដុំ, ទី៣-ម៉ាកសាំយ៉ុងពណ៌លឿង គ្មានស្លាកលេខផ្ទុកឈើចំនួន១០ដុំនិង ទី៤-ម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ផ្ទុក​ឈើចំនួន១០ដុំ។ សរុបចំនួន៤០ដុំ ជាឈើ​ប្រណីតប្រភេទសុក្រំ។

បច្ចុប្បន្នឈើនិងរថយន្តទាំងអស់​ខាង​លើ ត្រូវបានប្រគល់ជូនជំនាញបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមាដើម្បីចាត់ការ​តាមនីតិវិធី។
លោកឌិន ប៊ុនធឿន នាយកដែនជម្រក សត្វព្រៃសីមាបានឲ្យដឹងថា ក្រុមឈ្មួញបាន ប្រើគ្រប់វិធីក្នុងការដឹកជញ្ជូនឈើនៅពេល ដែលកម្លាំងរបស់យើងមានគ្នាតិច។ យ៉ាង ណាក៏ដោយយើងបានខិតខំបង្ក្រាបក្រុម ឈ្មួញទាំងនោះមិនឲ្យពួកគេធ្វើសកម្មភាព តាមអំពើចិត្តនោះឡើយ។

លោកបញ្ជាក់ថា សូមឲ្យសមត្ថកិច្ចដទៃ ទៀតមេត្តាជួយសហការបង្ក្រាបផងកុំចេះតែ បង្កបញ្ហាខ្លាំងពេក៕
ហេង នរិន្ទ្រ


ចែករំលែក៖