ខេត្តស្វាយរៀង៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានបើកយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការពាក់មួកសុវត្ថិភាពចំពោះអ្នកបើកបរទោចក្រយានយន្ត ស្ថិតក្នុងក្រុងស្វាយរៀង ក្ក្រោមអធិបតីភាពលោកស្រី ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមលោកប្រធាន អនុប្រធាន និងមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង កងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះលោកស្រីឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងក្រុមការងាររបស់ក្រសួងសាធារណការណ៍ ក៏បានផ្សព្វផ្សាយនូវប្រការសំខាន់ៗពាក់ព័ន្ធនឹងសុវត្ថិភាពនៃការធ្វើចរាចរណ៍នៅលើដងផ្លូវដល់អ្នកបើកបរទោចក្រយានយន្ត ទាំងអស់ និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ដោយពេលធ្វើដំណើរតាមផ្លូវមានការប្រុងប្រយត្ន័ និងមានការអធ្យាស្រ័យ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងព្រោះអាចនាំឲ្យមានគ្រោះថ្នាក់ជាយថហេតុនឹកស្មានមិនដល់ហើយត្រូវប្រកាន់ភ្ជាប់នូវពាក្យស្លោកថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។
បន្ទាប់មកក៏មានការសួរសំណួរចម្លើយពាក់ព័ន្ធដល់ប្រជាពលរដ្ឋអ្នកបើកបរទោចក្រយានយន្ដត្រូវយល់ដឹង ហើយឆ្លើយ ដើម្បីទទួលបានមួកសុវត្ថិភាពម្នាក់មួយ ។ ជាមួយនោះដែរ ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានចែកជូនឯកសារសៀវភៅជំនួយស្មារតី ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងយុទ្ធនាការនេះផងដែរ ។
សូមបញ្ជាក់ផងដែរថា បើទោះបីជាមានការចុះធ្វើការអប់រំនឹងផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងខេត្តស្វាយរៀងយ៉ាងណាក៍ដោយក៍បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែមានកំណើនគួរឱ្យព្រួយបារម្ភផងដែរជាពិសេសគឺនៅក្រុងបាវិតតែម្តងហើយម្យ៉ាងវិញទៀតអ្នកដំណើរដែលជិះទោចក្រយានយន្តយន្តភាគច្រើនមិនសូវពាក់មួកសុវត្ថិភាពនោះទេ ៕ យឹម សុថាន