ព័ត៌មានទាន់ហេតុការណ៍៖

ប្តីរវល់រកសុីដឹកឥវ៉ាន់ឆ្លងប្រទេស ប្រពន្ធលួចយកប្តីមួយទៀត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់រវល់តែរកសុីដឹកអីវ៉ាន់ពីប្រទេសថៃ មកកម្ពុជាមិនបានមកផ្ទះអស់រយៈពេល៤ខែដោយសង្ស័យខ្លាចប្រពន្ធលួចមានថ្មីក៏តាមដានរាល់សកម្មភាព ទើបដឹងទង្វើផិតក្បត់របស់ប្រពន្ធ ថែមទាំងប្រពន្ធលួចរៀបការ សែនព្រេន ដោយស្ងាត់ៗ ទ្រាំលែងបាន ទើបទើបដលផ្ទះឃើញបុរសកំពុងនៅក្នុងបន្ទប់ជាមួយគ្នា​ ទើបស្រែកឆោឡោប្រកែកសម្តីមួយប្រ៉ាវ ផ្អើលអ្នកភូមិ ​ នៅវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះ លេខ៣៦សេ២០ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍ ។

ភាគីខាងប្តី អាយុ៣៧ឆ្នាំ មុខរបរ អ្នកជំនួញ ខ្មែរ-ថៃ រស់នៅផ្ទះកើតហេតុ តែក្នុងរយៈពេល៤ខែ ខណៈដែលមានបញ្ហាក្នុងគ្រូសារ ច្រើនតែស្នាក់នៅផ្ទះបង ផ្សេងទៀត ។

ចំណែកភាគីខាងប្រពន្ធមានឈ្មោះ ប. ឆ.វ អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ កាត់ដេរ រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ដោយឡែក ភាគីខាងប្រុសស្នេហ៍ របស់ស្រ្តីខាងលើ ឈ្មោះ ឯក ណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខ មានស្រុកកំណើត ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាស្រុកកំណើតជាមួយស្រីស្នេហ៍ ។

តាមភាគីខាងប្តីបានឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល១០ឆ្នាំមកហើយ ដោយប្រកបមុខរបរ ជាអាជីវករ ទាំង២នាក់ ហើយមានកូនស្រីម្នាក់ អាយុ៧ឆ្នាំហើយ ជាចំណងស្នេហ៍ ។

បុរសខាងលើបន្តទៀតថា ជារៀងរាល់ថ្ងៃរូបគាត់បានប្រកបរប ដឹកឥវ៉ាន់ ពីប្រទេសថៃ មកកម្ពុជា អស់រយៈពេលជិត១ឆ្នាំ ។ ស្របពេលដែលប្តីមិននៅផ្ទះ ស្រាប់តែរយៈពេល៤ខែចុងក្រោយនេះ ពោលក្នុងអំឡុង ខែមិនា ឆ្នាំ២០១៨ កន្លងមកនេះ ស្រាប់តែភាគីខាងប្រពន្ធ បញ្ចេញនូវ អាកប្បកិរិយាប្លែកៗ ចេះតែដុក ដាន់ រករឿង ទើបក្នុងគ្រួសារ កើតជាវិវាទ ទំនាស់ បាត់អស់រលីងសេចក្តីសុខ សុភមង្គល គ្រួសាររលាយបាត់អស់ ។

ទង្វើសកម្មភាពប្លែកៗស្តែងចេញឡើង របស់ភាគីប្រពន្ធ ធ្វើឲ្យភាគីខាងប្តី កាន់តែងឿងឆ្ងល់ ទីបំផុត ក្រោយពីតាមដានដឹង ថាប្រពន្ធខ្លួន លួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសផ្សេង ខណៈដែល ខ្លួននិងប្រពន្ធនៅមិនទាន់លែងលះដាច់ស្រឡះ ហានហៅនាំបុរសរូបនោះ ចូលមកស្នាក់អាស្រ័យដល់ក្នុងផ្ទះទៀត គ្រាដែលប្តីមិននៅ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នេះគ្រួសារខាងលើផ្ទុះជម្លោះ បន្ទាប់ពីប្តីតាមទាន់ ឃើញជាក់នឹងភ្នែក ប្រុសស្នេហ៍ចូលមកដល់ក្នុងផ្ទះ ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ផ្អើលទាំងសមត្ថកិច្ចចុះទអន្តរាគមន៍ ។

តាមសម្តីភាគីខាងប្រពន្ធវិញ បានឲ្យដឹងយ៉ាងខ្លីថា មូលហេតុមកពីប្តីចុះចោលផ្ទះ៤ខែមកហើយ ទើបកើតរឿងនេះ ។

ជម្លោះប្តីប្រពន្ធចោទប្រកាន់គ្នាខាងលើ ត្រូវបានសមត្ថកិច្ចហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ហើយមិនទាន់ដឹងថា សម្រេចបែបណានៅឡើយទេ នៅយប់ថ្ងៃដដែលនេះ ៕ សុខាសែនជ័យ


ចែករំលែក៖