ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីឈ្លោះគ្នារឿងជុសជុលរថយន្តមិនស្អាតប្រើហិង្សាកាប់គ្នារងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិចចនគរបាលមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ខណៈដែលបានប្រើហិង្សាទាញយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ គ្រាន់តែរឿងបង្អាប់ក្នុងវង់ផឹកស៊ីធ្វើរថយន្តមិនស្អាតបន្តិចបន្តួចប៉ុណ្ណោះ ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ព្រំ សុផាត ហៅឌឿ អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត រស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

ចំណែកជនរងគ្រោះមានឈ្មោះ នឹម ជុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរហៅម៉ូយតាក់ស៊ីមានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងដោយរបួស ម្រាមដៃ កដៃខាងឆ្វេង និងធ្លាយពោះផ្នែកខាងឆ្វេងធ្ងន់ ត្រូវបាន​បញ្ជូនទៅសម្រាក​ព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។

តាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានប្រើហិង្សាកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែនដោយស្រវឹងស្រា ណាមួយខឹងនិយាយថា ធ្វើរថយន្តមិនស្អាតផងក៏មានកំហឹងតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ចាត់បន្តតាមនីតិវិធី ៕ យឹម សុថាន


ចែករំលែក៖