អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨នេះ ដោយរងការប្រឆាំង និងថ្កោលទោសយ៉ាងខ្លាំងពីអាមេរិក ។ ផ្កាយរណបអាមេរិក ចាប់បានសកម្មភាពបាញ់មីស៊ីលថ្មីបំផុតរបស់អ៊ីរ៉ង់ នៅប្រេភេទមីស៊ីល Fateh 110 នៅក្នុងពេលធ្វើសមយុទ្ធទ្រងទ្រាយធំនៅឈូងសមុទ្រ Hormuz ។
សារព័ត៌មាន Sputnik បានផ្សាយថា កម្លាំងបដិវត្សន៍អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីល នៅក្នុងសមយុទ្ធទ្រងទ្រាយធំរបស់ខ្លួន ដែលមាននាវាចម្បាំងជាង ៥០ចូលរួមនៅឈូងសមុទ្រ Hormuz ដែលជាច្រកផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតលើពិភពលោក ដោយមានប្រេងត្រូវឆ្លងកាត់ទីនោះជាង ៣០ភាគរយ ។
តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលេខ២២៣១ ក្រោយអ៊ីរ៉ង់ព្រមព្រៀង បរមាណូជាមួយប្រទេស៥+១ កាលពីឆ្នាំ២០១៥ អំពាវនាវដល់ប្រទេសនេះ ឈប់សាកល្បងមីស៊ីលគ្រប់ប្រភេទ ។ ច្បាប់នោះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។
មន្ទីបញ្ចកោណអាមេរិក បានប្រកាសថា ការធ្វើសមយុទ្ធរបស់អ៊ីរ៉ង់ គឺដើម្បីត្រៀមបិទច្រកសមុទ្រ Hormuz ។
ដោយផ្អែកលើប្រភពពីផ្កាយរណបស៊ើបការណ៍ និងមន្រ្តីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សារព័ត៌មាន Fox News បានចុះផ្សាយថា កងទ័ពអ៊ីរ៉ង់បានធ្វើតេស្តបាញ់មីស៊ីលផ្លោងប្រភេទ Fateh-110 Mod 3 នៅអំឡុងការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ដែលជាការហាត់សមដើម្បីបិទច្រកសមុទ្រ Hormuz។
គួរជម្រាបថា បើព័ត៌មានខាងលើជាការពិតមែននោះ វាទំនងជាលើកទីមួយហើយ ដែលទីក្រុងតេហេរ៉ង់បានធ្វើតេស្តមីស៊ីល នៅក្នុងឆ្នាំ២០១៨នេះ។ ជុំវិញសេចក្តីរាយការណ៍នេះដែរ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ខ្លួនដឹងអំពីការធ្វើសមយុទ្ធយោធារបស់អ៊ីរ៉ង់ តែពុំបានបកស្រាយពាក់ព័ន្ធនឹងការធ្វើតេស្តសព្វាវុធនេះឡើយ ។
នេះជាសកម្មភាព ថ្មីមួយក្រោយពេលអាមេរិក សម្រេចដាក់ទណ្ឌកម្មជាថ្មីទៅលើវិស័យសេដ្ឋកិច្ច អ៊ីរ៉ង់ និងហាមប្រាំប្រទេសផ្សេងទៀតទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងតេអ៊ីរ៉ង់ ។ ប៉ុន្តែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់ នាពេលនេះ គឺគ្មានប្រសិទ្ធិភាព ឡើយ ដោយ សារតែ ប្រទេសជុំវិញពិភពលោកនៅតែបន្ត រកស៊ីជាមួយអ៊ីរ៉ង់ និងទិញប្រេងពីអ៊ីរ៉ង់ដូចដើម ។
កន្លងមកថ្មី ទួរគី បានប្រកាសថានឹងបន្តទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចបន្តទិញប្រេងពីអ៊ីរ៉ង់ដូចដើម ។ ចំណែរដ្ឋាភិបាលប្រទេសស្វិសវិញក៏ដូច្នេះដែរ បានប្រកាសបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ដូចដើម និងការពារក្រុមហ៊ុនរកស៊ីនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ ។
ក្រៅពីនេះនៅមានប្រទេសធំៗជាច្រើនទៀត ក៏បានប្រកាសបន្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច មិនខ្វល់ពីការដាក់ទណ្ឌកម្ម ជាឯកតោភាគីរបស់អាមេរិកនោះឡើយ ជាកស្តែងគឺប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ពិភពលោកគឺចិនជាដើម។ មិនតែប៉ុណ្ណោះ អង្គការសហប្រជាជាតិក៏បានគាំទ្រ ឲ្យបន្តរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងបន្តគោរពកិច្ចព្រមព្រៀង បរមាណូ កាលពីឆ្នាំ២០១៥ បើទោះបីអាមេរិកបានចាកចេញ ៕ ម៉ែវ សាធី