ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានផ្ទៃពោះជាង២ខែប្តឹង ក្រុមគ្រួសារអ្នកធំម្នាក់ថាបាននាំគ្នាមកវ៉ៃនាងរហូតរលូតកូន

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ត្រីមានផ្ទៃពោះជាង២ខែម្នាក់ បានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ច និងស្ថាប័នតុលាការជួយរកភាពយុត្តិធម៌ករណី ក្រុមជនសង្ស័យចំនួន៥នាក់ដែលគេដឹងថា ជាភរិយារបស់អតតីអភិបាលរងខេត្តសៀមរាប បាននាំគ្នាមកវ៉ៃនៅមុខបន្ទប់ជួល រហូតរលូតកូន ។

ស្ត្រីរងគ្រោះឈ្មោះពេជ្រ ស្រីនាង រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យអ្នកសារព័ត៌មានពីដំណើរសាច់រឿងនៅថ្ងៃទី១១ខែសីហា នេះថា នៅពីល្ងាចថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៨ ក្រុមគ្រួសារគាត់ និងមិត្តភក្តិបានជួបជុំគ្នាហូបបាយ ហើយក៏ចាក់កូនប៉ាស់១ច្រៀងលេង ពេលដែលពួកគាត់ច្រៀងបាន១បទ ស្ត្រីឈ្មោះកែវ សុខុម ភេទស្រី អាយុ៤៨ឆ្នាំ(ភរិយារបស់លោក គឹម ឆៃហៀង អតីតអភិបាលរងខេត្តសៀមរាប)បានឲ្យគេមកប្រាប់ថាកុំចាក់ព្រោះវារំខាន គ្រានោះគាត់ក៏បិទបាស់ទៅ ។

ស្រាប់តែមួយសន្ទុះក្រោយមកស្រាប់តែសម្លេងបាស់លាន់លឺខ្លាំងៗចេញពីផ្ទះជនបង្កតែស្រាប់តែស្ត្រីឈ្មោះកែវ សុខុម បានស្រែកជេរ និងគប់ស្បែកជើងចូលមកក្នុងបន្ទប់របស់គាត់ ។ ស្ត្រីជនរងគ្រោះបន្តថា បន្ទាប់ពីប៉ះទង្គិចពាក្យសម្តីគ្នារួចមក ស្ត្រីឈ្មោះកែវ សុខុម ថាឈប់ជួលផ្ទះឲ្យ និងបានដេញចេញភ្លាមៗតែម្តងដោយគាត់ទើបតែមកជួលស្នាក់នៅបាន១៥ថ្ងៃប៉ុណ្ណោះ ។ ដូច្នេះជនរងគ្រោះបានទាមទារប្រាក់កក់នៅសល់ តែគាត់ថាមិនព្រមឲ្យ ទើបចេះតែមានរឿងទំនាស់ពាក្យសម្តីគ្នាកាន់តែធ្ងន់ធ្ងរឡើងរហូតដល់ស្ត្រីឈ្មោះកែវ សុខុម និងកូនស្រីឈ្មោះ ហៀង ស្រីណុច និងបក្ខពួក៣នាក់ទៀត បាននាំគ្នាមកវ៉ៃទាត់ធាក់គាត់ដល់បន្ទប់ជួល បណ្តាលឲ្យរងរបួស និងរលូតកូន ក្នុងផ្ទៃអាយុ២ខែតែម្តង ។

ស្ត្រីជនរងគ្រោះបន្តថា បន្ទាប់ពីកើតហេតុក្រុមគ្រួសារបាននាំគាត់ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ និងនគរបាលជំនាញដើម្បីឲ្យពួកគាត់ជួយរកភាពយុត្តិធម៌ដល់រូបគាត់ផង ។ ស្ត្រីជនរងគ្រោះបន្តថាការរង់ចាំអស់រយៈពេលជិត២ខែ មកហើយនៅមិនទាន់មានពន្លឺទើបពួកបានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅតុលាការបន្ថែមទៀតនៅថ្ងៃទី០៨ខែសីហា នេះ ។

ស្ត្រីជនរងគ្រោះបញ្ជាក់ថា ករណីនេះគាត់ដាក់ពាក្យប្តឹងទាមទារសំណងចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងស្នើឲ្យតុលាការចាត់ការទៅលើជនបង្កទៅតាមផ្លូវច្បាប់ ។ ចំណែកខាងក្រុមគ្រួសារដែលរងការចោទប្រកាន់ថា បានលើកគ្នាមកវ៉ៃគេដល់បន្ទប់នោះ មិនអាចទាក់ទងសុំការបកស្រាយបានទេ ដោយហៅទូរស័ព្ទ ទៅនៅក្រៅតំបន់សេវា ។

ទាក់ទិនទៅនឹងករណីនេះដែរ នគរបាលជំនាញបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហានេះ ថាសំណុំរឿងហ្នឹងខាងលោកបានបញ្ជូនទៅតុលាការហើយ ។ ទាក់ទិនករណីនេះដែរ លោក យិន ស្រាង អ្នកនាំពាក្យរបស់សាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១១នេះថា សំណុំរឿងហ្នឹងខាងលោកទទួលបានពាក្យបណ្តឹងហើយ តែអ្នកមកប្តឹងនោះឃើញមានតែពាក្យបណ្តឹង រីឯឯកសារផ្សេងៗនោះ នៅមិនឃើញមានដាក់មកតុលាការនៅឡើយ ។ លោកបន្តថា សំណុំរឿងហ្នឹងនៅមិនទាន់ដល់ដៃព្រះរាជអាជ្ញា ណាមួយនៅឡើយទេ ព្រោះមិនទាន់មានឯកសារត្រឹមត្រូវ ៕ ប៊ុនរិទ្ធី


ចែករំលែក៖