ព័ត៌មានទាន់ហេតុការណ៍៖

ឆ្កឹះសោរបន្ទប់ជួល បានសម្រេច២លើក ឆ្កឹះលើកទី៣ ជាប់គុក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមុខសញ្ញាចោរគាស់ផ្ទះម្នាក់ ក្រោយធ្វើសកម្មភាពគាស់បន្ទប់ជួលចំនួន២លើកបានសម្រេចហើយ ពេលទៅធ្វើសកម្មភាពឆ្កឹះលើកទី៣ ត្រូវម្ចាស់បន្ទប់សង្ងំដេកខាងក្នុងរងចាំឃ្លាំមើល ស្រាប់តែបើកទ្វាចូលទៅជនរងគ្រោះស្រែកថា ចោរផ្អើលអ្នកជិតខាងនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ថេង វិបុល ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ២៦ ជាន់ទី២ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅសង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ហើយក៏ជាអ្នកយកអត្តសញ្ញាណប័ណប្រចាំនៅជនរងគ្រោះដែរ។ ចំណែកជនរងគ្រោះឈ្មោះ ចែម ចាន់សុធារី ភេទស្រី អាយុ១៨ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់លេខ១៩ ជាន់ទី២ កើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា បន្ទាប់របស់ខ្លួនត្រូវបានជនសង្ស័យឆ្កឹះលួចទ្រព្យសម្បត្តិ២ដងរួចមកហើយ ហើយនៅវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ពេលវិលត្រឡប់មកពីធ្វើការថែមម៉ោងវិញ ដល់បន្ទប់ ឃើញទ្វាររបើក របស់របរ រាយប៉ាយពេញបន្ទប់ បាត់លុយអស់១០០ដុល្លា លិខិតឆ្លងដែន ។ ជនរងគ្រោះបន្តទៀតថា ករណីចោរកម្មដូចជាញឹកញាប់ពេក ទើបឲ្យសង្សារ មកដេកចាំខាងក្នុង ចាក់សោពីក្រៅ ស្រាប់តែនៅវេលាម៉ោង១២និង៣០នាទីរសផល ថ្ងៃទី១០ ខែសីហា នេះជនសង្ស័យមកធ្វើសកម្មភាពឆ្កឹះសោចូល ទើបដឹងស្គាល់មុខ ស្រឬកចាប់ខ្លួនបានតែម្តង ប្រគល់ឲ្យប៉ូលីស។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលប៉ុស្តិ៍ចោមចៅ៣ កសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖