ភ្នំពេញ: បុរសម្នាក់បើកម៉ូតូធំជ្រុលទៅបុករថយន្តមួយគ្រឿង កំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យរថយន្ត និងម៉ូតូ ខូចខាតទាំងសងខាង សំណាងល្អ អ្នកបើកម៉ូតូរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាងយប់ ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយរដ្ឋសភា ខាងមុខរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX350 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AE-9076 កំពុងបើកឆ្លងផ្លូវ ខណៈមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូធំមួយគ្រឿងម៉ាកហុងដា XR ពណ៌សលាយក្រហម អត់មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខចំហៀងឆ្វេងយ៉ាង ចំណែកម៉ូតូគៀបជាប់រថយន្ត តែសំណាងល្អ អ្នកបើកបរម៉ូតូបានពាក់មួកសុវត្ថិភាពត្រឹមត្រូវ មិនបណ្ដាលឲ្យរងរបួសនោះទេ។
បន្ទាប់ពីកើតហេតុភាគីទាំងសងខាងបានចុះមក ប្រកែកគ្នារកត្រូវរៀងៗខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចុះមកចោមរោមមើល ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរ ចុះមកកន្លែងកើតហេតុ ហើយឲ្យភាគីរថយន្តទាំងសងខាងសម្របសម្រួលគ្នាសិន បើសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចវ៉ាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ