ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​FUSO បើក​កៀរម៉ូតូ​កិន​ស្ត្រី​ស្លាប់​ម្នាក់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ស្ត្រី​ម្នាក់ ខណៈ​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ បើក​កៀរដួល ហើយ​កិន​ពីលើ បណ្តាល​ឲ្យ​ដាច់​ពាក់កណ្តាល​ខ្លួន ស្លាប់​យ៉ាង​អាណោចអាធ័ម ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​ព្រឹក ថ្ងៃទី​១២ សីហា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៧១ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ​។​

សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​នគរវត្តដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ វែ​ន វឿ​ត អាយុ​៣៩​ឆ្នាំ បាន​ជីះ​ម៉ូតូ ម៉ា​កវេ​វ ពណ៌​ខ្មៅ​លាយ​ក្រហម​
​សេរី​២០១៥ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​រថយន្ត​១​គ្រឿង ម៉ាក​FUSO ចំណុះ​១២​តោន ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ តាកែវ ៣A.១០៣០ បើក​ច្រាស​គ្នា ជ្រុល​មក​កៀរម៉ូតូ​ដួល​ហើយ​កិន​ពីលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ដាច់​ពាក់កណ្តាល​ខ្លួន​ខ្ទាត​សាច់​ពេញ​ផ្លូវ ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ​តៃកុង​រថយន្ត បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

ក្រោយ​ពល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ពិនិត្យ និង​ធ្វើការ​វាស់វែង រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​វត្ថុតាង បាន​យកទៅ​អធិការដ្ឋាន​ស្រុក រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ​​ប៉ែន​នួន


ចែករំលែក៖