ខេត្តសៀមរាប៖ សំឡេងទឹកហូររត់ប្រដេញគ្នាយ៉ាងរមិញនាំឆ្ពោះទៅគ្របដណ្តបលើដីស្រែប្រឡាយចេញពីប្រព័ន្ធធារាសាស្រ្ត(ទំនប់ក្សាក) ធ្វើអោយប្រជាជនរស់នៅទីនោះ មិនជិនណាយនិងការចោលក្រសែភ្នែកគយគន់ សឹងតែដកជើងពុំរួចពីទេសភាពនៃទីជនបទមួយនេះ។
ទំនប់ក្សាក មានទីតាំងស្ថិតនៅក្នុងភូមិខ្វាវ ព្រះធាតុ ស្រោង និងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ នេះបើតាមអ្នកភូមិរៀបរាប់ប្រាប់ ខណះពួកគាត់កំពុងមកងូតទឹកកំសាន្ត សាចដាក់គ្នាសើចសប្បាយយ៉ាងទ្រហឹងអឺងកងនោះ។
មន្ត្រីជំនាញខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាបបានអោយដឹងថា៖ ក្រោយពេលសាងសង់រួចនាចុងឆ្នាំ ២០១៧ ប្រព័ន្ធធារាសាស្តនេះ មិនត្រឹមជាតំបន់ទេសចរណ៍កម្សាន្តប៉ុណ្ណោះទេ គឺមានលទ្ធភាពផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៦០៨ ហិកតា និងស្រែប្រាំង ចំនួន ១១៤ ហិកតា។
លោកបន្តថា៖ ទន្ទឹមនឹងលទ្ធភាពស្រោចស្រព ប្រព័ន្ធធារាសាស្ត្រនេះ ក៏បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលមានប្រជាពលរដ្ឋជិតឆ្ងាយ ទៅលេងកំសាន្ត លំហែរកាយ ដកដង្ហើមស្រូបយកខ្យល់ឱកាសបរិសុទ្ធទៀតផង៕ សុខ ខេមរា