ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ សង្ស័យស្រវឹងជិះម៉ូតូដួលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ហើយត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ី ដឹកទៅសង្គ្រោះភ្លាមៗ ខណៈដែលជនរងគ្រោះជិះម៉ូតូដួលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្ស័យថាស្រវឹងស្រាជោកជាំ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក ស៊េរីឆ្នាំ២០១៨ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ HB-8309 ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ស្រាប់តែលឺសំឡេងដួលម៉ូតូលាន់សូរតែប្រ៉ាវ រួចស្ងាត់បាត់ឈឹងនៅក្រោមស្ពានអាកាស ភ្លាមនោះពលរដ្ឋនៅក្បែរក៏នាំគ្នាស្ទុះចេញពីផ្ទះមកចោមរោមមើល ស្រាប់តែឃើញបុរសម្នាក់ដេកសន្លប់ឈឹងបណ្ដាលឲ្យរបួសធ្ងន់ក្បែរម៉ូតូដួល រួចនាំគ្នាជួយធ្វើចរនាបេះដូង និងអ្នកខ្លះទៀតបានរាយការណ៍ទៅសមត្ថកិច្ចឲ្យហៅរថយន្តសង្រ្គោះបន្ទាន់ដឹកជនរងគ្រោះទៅព្យាបាលផងដែរ ។

បន្ទាប់មកគេឃើញសមត្ថកិច្ចមួយរូប បានចុះមកដល់កន្លែងកើតហេតុ បានឲ្យដឹងដែរថា ករណីនេះគឺបង្កឡើងដោយជនរងគ្រោះខ្លួនឯង ទំនងជាស្រវឹងបើកបរក្នុងល្បឿនលឿន ហើយទប់ជំហរមិនជាប់ មកដល់ចំណុចកើតហេតុក៏ដួលបណ្តាលឲ្យសន្លប់ស្តូកតែម្តង ដោយពុំមានប៉ះពារជាមួយនឹងអ្វីនោះទេ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដែលនៅជិតកន្លែងកើតហេតុដើម្បីសង្គ្រោះ និងព្យាបាល ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះមកទទួលយកត្រលប់ទៅផ្ទះវិញ ៕ស តារា


ចែករំលែក៖