ខេត្តកណ្ដាលៈ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំដើរចូលក្នុងផ្ទះគេជិតខាង រួចវាយគូថកូនស្រីគេ៤ដៃ ម្ដាយឪពុកខាងស្រីខឹងប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ស្ថិតក្នុងភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រីឯយុវនារីរងគ្រោះឈ្មោះ ច ប ផ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ យុវនារីរងគ្រោះបាននៅផ្ទះជាមួយបងប្អូនរបស់ខ្លួនដោយចុចទូរស័ព្ទលេងនៅខាងក្រោមផ្ទះ រីឯម្ដាយឪពុកចេញទៅជជែកលេងជាមួយអ្នកជិតខាងដែលនៅជាប់របងផ្ទះគ្នា ។ ខណៈនោះស្រាប់តែជនសង្ស័យពុំដឹងជាមកពីណាដើរក៏ដើរចូលផ្ទះយុវនារីរងគ្រោះដោយមានសភាពស្រវឹងស្រាជោគជា ដោយយុវនារីរងគ្រោះពុំបានដឹងថា ជនសង្ស័យចូលក្នុងផ្ទះខ្លួនឡើយ ឆ្លៀតឱកាសនោះជនសង្ស័យក៍បានយកដៃ ទះគូទនារីរងគ្រោះចំនួនបួនដៃ ភ្លាមនោះនារីរងគ្រោះភ្ញាក់ក្រោកស្រែកឆោឡោ ហើយជនសង្ស័យនៅតែស្រវ៉ាស្ទុះរកចាប់ទ្របលើនារីរងគ្រោះបន្ថែមទៀត តែជនរងគ្រោះ បានរត់ចេញមកក្រៅផ្ទះរួចខ្លួន ក្នុងពេលជាមួយគ្នានោះឪពុកម្តាយនារីរងគ្រោះ ដែលកំពុងជជែកលេងជាមួយអ្នកជិតខាងបានឮសំឡេងកូនស្រីស្រែឆោឡោនៅផ្ទះរបស់ខ្លួន ក៏បានមកមើល ស្រាប់តែឃើញជនសង្ស័យដើរចេញទៅបាត់ ដោយបានឮសម្លេងជនសង្ស័យនិយាយថា អញយកបុប្ផា ឲ្យទាល់តែបាន ។
ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះបានរៀបរាប់ដំណើររឿងប្រាប់ម្ដាយរបស់ខ្លួន បន្ទាប់ពីម្ដាយនារីរងគ្រោះស្ដាប់រួច ភ្លាមនោះក៏ទៅដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំបាតឲ្យធ្វើការចាប់ខ្លួន។
បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ