ព័ត៌មានទាន់ហេតុការណ៍៖

លួចគាស់ផ្ទះគេយកលួចយកទូរស័ព្ទដៃម្ចាស់គេស៊ើបដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើលួចគាស់ផ្ទះប្រជាពលរដ្ឋលួចយកទូរស័ព្ទដៃ ខណៈដែលម្ចាស់ផ្ទះចេញទៅក្រៅដើម្បីទិញត្រីយកលក់បន្ដ ។ ករណីលួចខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣និង២០នាទីយប់ ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សា យូសុះ ភេទប្រុស អាយុ២៤ឆ្នាំ រីឯជនរងគ្រោះឈ្មោះ សេន ម៉ារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅខេត្តកណ្តាល។ ដោយឡែកសម្ភារៈបាត់បង់មាន៖ ទូរស័ព្ទដៃ២គ្រឿង ដកហូតមកវិញបាន១គ្រឿង ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះបានក្រោយពីដេកដើម្បីទៅទិញត្រីនៅផ្សារព្រែកព្នៅ ដើម្បីយកមកលក់បន្ដ ដោយមុនចេញពីផ្ទះជនរងគ្រោះបានចាក់សោរទ្វារួចរាល់អស់ផងដែរ ។ លុះដល់វេលាម៉ោង៥ និង៥០នាទីថ្ងៃខែឆ្នាំដដែល ខណៈដែលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញបង្អួចចំហរ ដោយចម្រឹងដែកបង្អួចវៀច ក៏ចាក់សោរចូលទៅមើលឥវ៉ាន់ក្នុងផ្ទះ ស្រាប់តែបានបាត់ទូរស័ព្ទអស់ចំនួនពីរគ្រឿងដូចរៀបរាប់ខាងលើ ។ បន្ទាប់មកជនរងគ្រោះក៏បានស៊ើបសួរអ្នកជិតខាង រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះដឹងមុខសញ្ញាសង្ស័យ ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះក៏ចុះធ្វើការចាប់ខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖