តាកែវ៖ ក្រោយពីទទួលបាននូវសំណូមពរពីបងប្អូនប្រជាពលរដ្ឋ អាជីវករ និង ម្ចាស់យានយន្ដដឹកទំនិញគ្រប់ប្រភេទនៅខេត្តតាកែវស្នើសុំសម្តេចកុំឱ្យយកលុយថ្លៃឆ្លងកាត់ផ្លូវលេខ២១ ដែលភ្ជាប់ពីផ្លូវជាតិលេខ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវលេខ១២៥ក ឬហៅថាផ្លូវវាងក្រុង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវខាងលើដោយមិនយកប្រាក់ជារៀងរហូត ចាប់ ពីម៉ោង ១២:០០អាធ្រាត្រយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ យប់នេះ តទៅ។
ហ្វេសប៊ុកផេកផ្លូវការសម្តេចតេជោ នៅរសៀលថ្ងៃទី១៤ ខែសីហា នេះ សរសេរថា សម្តេចតេជោ ហ៊ុន សែន តែងតែនៅរួមសុខរួមរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ទាំងអស់ ព្រោះសេចក្តីសុខរបស់ពលរដ្ឋ គឺជាសេចក្តីសុខរបស់សម្តេចផ្ទាល់។ នេះគឺជាកាដូថ្មីជូនបងប្អូនអ្នកខេត្តតាកែវក៏ដូច ជាសម្រាប់បងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីនេះ។
ចាប់ពីម៉ោង ១២:០០ យប់នេះតទៅ គឺបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនត្រូវបង់ប្រាក់ថ្លៃ ឆ្លងកាត់តាមផ្លូវនេះទៀតឡើយ (Free)។ អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនលេខ២០។សូមបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាពគ្រប់ទីកន្លែង៕ ចេស្តា