ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើស្តុកទុកនៅក្នុងឃ្លាំងមួយកន្លែងជាប់ព្រំដែនកម្ពុជា វៀតណាមត្រូវកម្លាំងសមត្ថកិច្ចចម្រុះរិបអូសយកមករក្សាទុក

ចែករំលែក៖

ខេត្តរតនគិរី៖ ឈើប្រណិតរាប់រយដុំ និងប្រភេទចម្រុះគ្នា ដែលគេដឹងថាមានតម្លៃរាប់ម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តរតនគិរីចុះធ្វើការបង្ក្រាបនិងរឹបអូសយកទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវ ។

ការចុះបង្ក្រាបនោះបានធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃច័ន្ទ ២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះនៅក្នុងឃ្លាំងស្តុកទុកដោយខុសច្បាប់មួយមួយកន្លែងស្ថិតនៅ ជិតព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិប៉ក់ធំឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរី ។
ក្នុងប្រតិបត្តិការឡោមព័ទ្ធ និងឈានទៅឆែកឆេរឃ្លាំងស្តុកឈើដ៏ធំនោះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីដោយស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តរតនគិរីផងនោះដែរ។
មន្ត្រីនៅក្នុងការបង្ក្រាបឈើនោះបានបង្ហើបថា បើតាមការឲ្យដឹងពីប្រជាពលរដ្ឋប្រាប់ថាឈើទាំងនោះឈ្មួញជនជាតិវៀតណាមបានចូលមកឈរជើងចាំប្រមូលទិញពីអ្នកដឹកតាមម៉ូតូនិងរ៉ឺម៉កនោះជាដើម។
លោកកថាឈើប្រណិតទាំងនេះមានច្រើនប្រភេទ ដូចជាឈើស្រឡៅឈើកកោះឈើសុក្រំនិងមានជាច្រើនមុខទៀត។

កម្លាំងសមត្ថកិច្ចបានរកមធ្យោបាយដឹកជញ្ជូនយកមករក្សាទុកដើម្បីរងចាំធ្វើការវាស់វែង។
ក្នុងហេតុការណ៍ចុះបង្ក្រាបនោះត្រូវបានម្ចាស់ផ្ទះស្តុកឈើនេះ អះអាងថា ឈ្មួញជនជាតិវៀតណាម បានមកសុំដីរបស់គាត់ស្តុកទុកឈើនេះនៅពេលប្រមូលទិញបានច្រើនហើយនឹងដឹកឈើនេះបន្តចេញទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូយ៉ាដាវ ។
ប្រជាពលរដ្ឋនោះថាលោកទទួលបានប្រាក់បន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវភាព ពីការឲ្យទីតាំងដីស្តុកឈើ ដល់ឈ្មួញជនជាតិវៀតណាមនោះ។

ហើយក៏មិននឹកស្មានថា ត្រូវសមត្ថកិច្ចចុះមកបង្ក្រាបយ៉ាងដូច្នោះដែរ។

ទីតាំងស្តុកឈើនោះ គឺមានហ៊ុំព័ទ្ធដោយរបង និងមានដាំដើមម្រេចនៅតាមរបងនិងដីឡូតិ៍នោះផងទៀត។

ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ លោកបានបញ្ជាក់ថា លោកបានបញ្ជាឲ្យសមត្ថកិច្ចចម្រុះ ចុះឆែកឆេរ និងរឹមអូសឈើទាំងនោះមែន ព្រោះវាជាបទល្មើស ក្រោយពីទទួលដំណឹងការរាយការណ៍ពីមន្ត្រីជំនាញប្រចាំតំបន់នោះ។

លោកបន្តទៀតថាម្ចាស់ផ្ទះដែលអនុញ្ញាតឲ្យមានការដឹកឈើចូលយកទៅស្តុបទុកខុសច្បាប់នេាះ លោកនឹងពិភាក្សាគ្នាជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តថាតើត្រូវមានវិធានការបែបណានៅពេលក្រោយ? ។

ការបង្ហើបឲ្យដឹងពីប្រជាពលរដ្ឋរស់នៅជិតតំបន់ព្រំដែននោះថាសកម្មភាពដឹកជញ្ជូនឈើឆ្លងដែន ពីកម្ពុជាទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នាពេលនេះមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងខ្លាំងណាស់។

ទាំនៅពេលយប់ទាំងពេលថ្ងៃច្រកទ្វារមួយនេះនៅតែបន្តបើកចំហរសំរាប់ឱ្យរថយន្តដឹកឈើគ្រប់ប្រភេទឆ្លងដែនទៅបានយ៉ាងរលូននោះផងដែរ៕
ជីវ័ន្ត

 


ចែករំលែក៖