គេរាយការណ៍ថា សិប្បកម្មយាយម៉ាប់ ដែលបោះទីតាំងនៅតំបន់ភ្នំព្រេច មានការឯកភាពពីថ្នាក់ដឹកនាំខេត្ត ពោលគឺលោកអភិបាលខេត្ត និងមានលិខិតអនុញ្ញាតពីប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។ បើទោះបីជាតំបន់នោះត្រូវគ្រប់គ្រងជាព្រៃការពារក៏ដោយ ក៏ថ្នាក់ដឹកនាំខេត្តនេះ ជាពិសេសប្រធានមន្ទីរកសិកម្មមិនខ្វល់ដែរ ។ គេបានអនុញ្ញាតឲ្យយាយ ម៉ាប់ កាប់បំផ្លាញព្រៃឈើ ឬក៏ទិញឈើពីប្រជាពលរដ្ឋដែលចាប់បានយកមកកែច្នៃធ្វើជាគ្រឿងសិង្ហារឹម ។ ភាពស្របច្បាប់របស់យាយម៉ាប់ កំពុងបំផ្លាញព្រៃឈើយ៉ាងរង្គាល ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សិប្បកម្មកែច្នៃឈើរបស់យាយម៉ាប់ បោះទីតាំងនៅកន្លែងណា គឺរលាយហិនហោចឈើនៅកន្លែងនោះ ។ កន្លងទៅយាយ ម៉ាប់ បោះទីតាំងកែច្នៃសិប្បកម្មឈើនៅក្នុងស្រុកកែវសីមា ។ ដោយស្ថានភាពឈើនៅក្នុងស្រុកកែវសីមាស្ទើរតែអស់ទៅហើយនោះ ទើបយាយម៉ាប់បន្តបោះទីតាំងនៅតំបន់ដែនជម្រកសត្វភ្នំព្រេច ក្រោមការបើកដៃរបស់ប្រធានមន្ទីរកសិកម្ម និងការបត់ដុំដៃពីថ្នាក់ដឹកនាំខេត្ត ។ បើតាមប្រភពរាយការណ៍ថា យាយម៉ាប់ មិនញញើតនរណាទេ ព្រោះគាត់ត្រូវរ៉ូវជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីរួចហើយ ។
សកម្មភាពដឹកជញ្ជូនឈើប្រណីតចេញពីតំបន់នានាក្បែរតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចបានធ្វើឡើងជារៀងរាល់ថ្ងៃ ។ សកម្មភាពដឹកជញ្ជូនឈើប្រណីតចូលសិប្បកម្មត្រូវបានធ្វើឡើងជាចំហរ ព្រោះយាយម៉ាប់ សំអាងថា សិប្បកម្មរបស់គាត់មានច្បាប់ ដូច្នេះមិនខ្លាចនរណាឡើយ។ ពួកមន្ត្រីដែលអនុញ្ញាតច្បាប់ឲ្យយាយម៉ាប់ មិនដែលចុះពិនិត្យមើលថា តើសិប្បកម្មកែច្នៃឈើរបស់យាយ ម៉ាប់ បានប្រភពឈើមកពីណានោះទេ ។ គឺបានត្រឹមចុះហត្ថលេខាអនុញ្ញាតយកលុយពីយាយម៉ាប់ រួចហើយ បើទោះបីជាយាយម៉ាប់ កាប់ឈើយ៉ាងណាក៏មិនខ្វល់ដែរ ។ គេនិយាយថា យាយម៉ាប់ មានទំនាក់ទំនងយ៉ាងជ្រៅជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទើបគាត់មិនខ្វល់នឹងនរណាសោះនោះ ៕