ភ្នំពេញ៖ រថយន្ដធុនធំដឹកសុីមងត៍របស់ក្រុមហ៊ុន ខេសុីមេនបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវ បំផុតដោយបុករ៉ឺម៉កម៉ូតូកង់បី ឥណ្ឌាពីក្រោយបណ្ដាលឲ្យអ្នកបើករ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ធ្លាក់ពីកង់បីរួចកិនខ្ទេចខ្លួនជាបំណែកស្លាប់យ៉ាងអាណោចអាធម័បំផុត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២២ ថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតវត្តនិរោធន៍ ក្នុងសង្កាត់និរោតន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះនៅមិនទាន់បានស្គាល់អតសញ្ញាណនៅឡើយទេ បើករ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ពណ៍លឿន ពាក់ស្លាកលេខ ភ្នំពេញ1HD-7591 ។ ចំណែករថយន្ដបង្កជាប្រភេទរថយន្ដដឹកសុីមងត៍របស់ក្រុមហ៊ុន ខេសុីមេន ពាក់ស្លាកលេខ ភ្នំពេញ3A-7900 ក្រោយពីបង្កហេតុ រថយន្ដបង្កបើកចេញពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រ ទើបតៃកុងរថយន្ដឈប់ទុករថយន្ដចោលគេចខ្លួនបាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្ក និងរឺម៉ូតូកង់បីរងគ្រោះធ្វើដំណើរស្របទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីលិចទៅកើត លុះពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដបង្កបុកពីក្រោយបណ្ដាលឲ្យអ្នកបើករ៉ឺម៉កម៉ូតូកង់បីធ្លាក់ចេញ ពីរ៉ឺម៉ករួចក៏ត្រូវរថយន្ដបង្កកិនខ្ទេចខ្លួនជាបំណែកតែម្ដង ។ ប្រភពបានបន្តថា ក្រោយពីបង្កហេតុរថយន្ដបង្ក បានព្យាយាមបើកចេញពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រ ទើបឈប់ហើយតៃរថយន្ដចុះគេចខ្លួនបាត់ ។
ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ដើម្បីបញ្ចៀសការកកស្ទះ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ដើម្បីវាស់វែងយករថយន្ដបង្ក និងរ៉ឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ