ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​បញ្ជូន​ស្ត្រី​ជនជាតិ​ចិន​ដែល​បើក​រថយន្ត​បំបុក​បណ្តាល​ឱ្យ​ចោរ​ឆក់​ទូរស័ព្ទ​ស្លាប់​ម្នាក់​ មក​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ នគរបាល​ខណ្ឌ​ចំការមន​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ បញ្ជូន​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​បើក​រថយន្ត​បំបុក​បណ្តាល​ឱ្យ​ចោរ​ឆក់​ទូរស័ព្ទ​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​ ។ ខណៈ​ តុលាការ​កំពុង​សាកសួរ​ស្ត្រី​រូប​នេះ​ ។ នគរបាល​ សន្និដ្ឋាន​ថា​ ស្ត្រី​ជនជាតិ​ចិន​ រូប​នេះ​ ប្រឈម​បទល្មើស​មនុស្ស​ឃាត​ដោយ​អចេតនា​ ។

របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ ថានៅថ្ងៃអាទិត្យ ទី១២​ ខែ​សីហា​ ឆ្នាំ​២០១៨ វេលាម៉ោង២៤៖​១០នាទី មានករណីមនុស្សឃាតដោយអចេតនា (បើករថយន្តដេញបុកជនសង្ស័យឆក់ទូរស័ព្ទដៃស្លាប់-របួស) នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤​ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នករងរបួសធ្ងន់ ប្រុសម្នាក់ និងស្លាប់ប្រុសម្នាក់​ ជាជនសង្ស័យឆក់ទូរស័ព្ទដៃ​។

ជនសង្ស័យ​ឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៥០ ផ្លូវ​លេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌ​ចំការមន​ រងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-​សូវៀត​ និង​ ឈ្មោះ បេ សុភាដេវីត ភេទ ប្រុស អាយុ២៤ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រងរបួសធ្ងន់បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-​សូវៀត​។

ស្ត្រី​សង្ស័យឃាត់ខ្លួនឈ្មោះ YUAN TANG ថាង យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មិនចាំលេខលិខិតឆ្លងដែន មិនបានយកមកតាមខ្លួន ជាអ្នក បើករថយន្ត ។

វត្ថុតាងដកហូត ម៉ូតូ ០១គ្រឿងម៉ាកSCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ1CL-7241 ( របស់អ្នកឆក់ទូរស័ព្ទដៃខូចខាតយ៉ាងដំណំ ) , រថយន្តម៉ាកLEXUS RX-300 ពណ៌ស ស្លាកលេខ 2AN-9745 ភ្នំពេញ ( ខូចខាតដូចគ្នា ) និងទូរស័ព្ទដៃ០១ គ្រឿង ម៉ាក Meitu ពណ៌ខ្មៅ-បៃតង លេខស៊ីម 096 696 7899 ( បែកអេក្រង់ របស់ជនសង្ស័យ បើកឡានបុក ) ។

រឿងហេតុ មុនពេលកើតហេតុឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ ០១ គ្រឿងខាងលើ ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ ឃើញស្ត្រីជាតិចិន និងមិត្តភ័ក្រម្នាក់ទៀត ឈប់រថយន្តតេទូរស័ព្ទ ចំហរកញ្ចក់ ខាងមុខផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃ ជន ជាតិ ចិនឈ្មោះ Yuan Tang បានសម្រេច រួច បើកម៉ូតូគេចខ្លួន។ ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជា ម្ចាស់ ទូរស័ព្ទ បានបើករថយន្តដេញតាមបុកម៉ូតូ ពីក្រោយបណ្តាលឲ្យ ដួលខ្ទាត់ទៅក្បែរជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ ១២៣ កែង ផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់តាមរថយន្តសង្គ្រោះបន្ទាន់ ទៅមន្ទីរ ពេទ្យមិត្ត ភាពខ្មែរ-រុស៊្សី ។

លុះដល់ម៉ោង ០២.៥០ រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៣​ ខែ​សីហា​ ឆ្នាំ​២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យរុស៊្សី សពតម្កល់រង់ចាំក្រុមគ្រួសារមកទទួល ។

ចំណែកអ្នកឆក់ម្នាក់ទៀតឈ្មោះ សារុន ពិសិដ្ឋ សន្លប់មិនទាន់ដឹងខ្លួន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស៊្សី ។ រីឯជនសង្ស័យដែលជាអ្នកបើកឡានដេញបុកខាងលើ រួមវត្ថុតាង បានឃាត់ខ្លួននិង បញ្ចូនមកអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្ត ។

បច្ចុប្បន្ន ជនសង្ស័យ រួមវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕ ចេស្តា


ចែករំលែក៖