ខេត្តសៀមរាប ៖ មានអំពើឃាតកម្មយ៉ាងសាហាវមួយបានកើតឡើង កាលពីវេលាម៉ោង៤និង០៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃ ពុធ ៤ កើត ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវក្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយបុរសម្នាក់ត្រូវជនមិនស្គាល់មុខចាក់សម្លាប់ជាច្រើនកាំបិត ។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ នគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ជនរងគ្រោះស្លាប់ដោយជនសង្ស័យពុំស្គាល់មុខ បានធ្វើសកម្មភាពចាក់ចំនួន១០កាំបិត គឺចំពោះចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត បណ្តាលឲ្យស្លាប់ដេកដួលក្បែរម៉ូតូភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកជនដៃដល់ បាន បោះកាំបិតមុខស្រួចចោលនៅកន្លែងកើតហេតុ រួចគេចខ្លួនបាត់ ។
សមត្ថកិច្ចជំនាញអះអាងថា ជនរងគ្រោះនិងជនសង្ស័យអាចមានគំនុំនឹងគ្នាអ្វីមួយ ទើបឈានដល់ធ្វើឃាតចាក់សម្លាប់យ៉ាងសាហាវ ហើយករណីនេះសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេតស្រាវជ្រាវតាមប្រមាញ់ចាប់ជនដៃដល់ហើយ ។
ប្រភពបន្តថា សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមប្រមាញ់ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបាន ៕ ប៊ុនរិទ្ធី