ខេត្តព្រះសីហនុ៖ ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានានៅទូទាំងប្រទេសកម្ពុជានៅពេលនេះអាចទទួលអត្ថប្រយោជន៍ពីសេវាកម្មផ្គូផ្គងជាងសំណង់ដោយឥតគិតថ្លៃពីក្រុមហ៊ុនអេសស៊ីជី (SCG) ដែលសេវាកម្មនេះមានបំណងលើកកម្ពស់លទ្ធភាពឲ្យកាន់តែទូលំទូលាយក្នុងការស្វែងរកជាងសំណង់ និងសម្ភារសំណង់ ដែលមានគុណភាពក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ជាងសំណង់កម្ពុជាផងដែរ ។
ម្ចាស់លំនៅដ្ឋាន ដែលមានបំណងចង់សាងសង់គម្រោងលំនៅដ្ឋានឬអគារផ្សេងៗអាចមានភាពងាយស្រួលជាងមុនក្នុងការស្វែងរកជាងសំណង់ ដែលត្រូវគ្នាជាមួយនឹងគម្រោងរបស់ខ្លួនតាមរយៈការចុះឈ្មោះនៅលើកម្មវិធីអនឡាញរបស់ក្រុមហ៊ុនអេសស៊ីជីហើយក្រុមហ៊ុននឹងស្វែងរកជាងសំណង់ ដែលមានគុណវុឌ្ឍត្រឹមត្រូវ ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ម្ចាស់គម្រោងសាងសង់ ។ សេវាកម្មផ្គូផ្គងជាងសំណង់នេះគឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងកាលពីដើមឆ្នាំនេះដោយក្រុមហ៊ុនអេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ានក្នុងគោលបំណងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសំណង់ និងជួយលើកកម្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាទាំងគុណភាព និងភាពងាយស្រួល ។
អ្នកស្រី ឃាង ចិន្ដាមុនី ដែលជាម្ចាស់លំនៅដ្ឋានរស់នៅរាជធានីភ្នំពេញ និងកំពុងតែសាងសង់ផ្ទះនៅឯខេត្តព្រះសីហនុបានថ្លែងថា៖“សេវាកម្មនេះងាយស្រួល និងលឿនជាងការគិតរបស់ខ្ញុំទៅទៀត ។ ខ្ញុំគ្រាន់តែដាក់ពាក្យតាមអនឡាញស្វែងរកជាងសំណង់ហើយបន្ទាប់មកគឺអេសស៊ីជីជាអ្នកជួយគ្រប់យ៉ាង ។ អេសស៊ីជីបង្ហាញបញ្ជីឈ្មោះជាងសំណង់ ដែលមានសមត្ថភាពឲ្យខ្ញុំបានឃើញហើយបន្ទាប់មកខ្ញុំចរចារដើម្បីស្វែងរកជាងសំណង់ល្អបំផុត ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ខ្ញុំ ។ ក្រៅពីបានទទួលជាងសំណង់ ដែលមានគុណភាពហើយខ្ញុំថែមទាំងអាចស្វែងរកសម្ភារសំណង់ ដែលមានគុណភាពក្នុងតម្លៃសមរម្យថែមទៀតផង” ។
ជាងសំណង់ ដែលបានទទួលគម្រោងសាងសង់ពីអ្នកស្រី ឃាង ចិន្ដាមុនី គឺលោកព្រំបុរី ។ លោកទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលក្នុងកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់អេសស៊ីជីហើយលោកបានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានជួយដល់រូបលោកក្នុងការស្វែងរកអតិថិជនល្អៗ ។ លោកបុរីបានពន្យល់ថា៖“កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់អេសស៊ីជីបានជួយអភិវឌ្ឍជំនាញរបស់ខ្ញុំហើយធានាថាខ្ញុំអាចធ្វើការងារប្រកបដោយគុណភាពសម្រាប់អតិថិជន ។ ពេលនេះខ្ញុំចាប់ផ្ដើមទទួលបានអតិថិជនកាន់តែច្រើនដូច្នេះមានន័យថាខ្ញុំនឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុនសម្រាប់ក្រុមគ្រួសារ ។ ក្រៅពីអតិថិជន ដែលមកជួបខ្ញុំផ្ទាល់អេសស៊ីជីនៅតែជួយខ្ញុំក្នុងការទទួលបានគម្រោងសាងសង់ផ្សេងៗតាមរយៈសេវាកម្មផ្គូផ្គងរបស់ក្រុមហ៊ុន ។ ដូចជាគម្រោងសាងសង់មួយនេះជាដើមគឺជាការងារ ដែលខ្ញុំទទួលបានតាមរយៈសេវាកម្មផ្គូផ្គងនេះបើទោះបីជាខ្ញុំមិនបានផ្សព្វផ្សាយអំពីខ្លួនឯងក្តី” ។
អេសស៊ីជីបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជាកាលពីខែកុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងវិទ្យាស្ថានNPIC និងCTSDI ដើម្បីអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារសំណង់ថ្មីៗឲ្យបានត្រឹមត្រូវ ។ កម្មវិធីបណ្ដុះបណ្ដាលនេះគឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់អេសស៊ីជីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍យូរអង្វែងរបស់ប្រទេសកម្ពុជាតាមយៈកម្មវិធីបណ្ដុះបណ្ដាលការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់កម្មករសំណង់ថែមទៀតផង ។
លោក ពង់ថាណាដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនអេសស៊ីជីបានមានប្រសាសន៍ថា៖“ក្រុមហ៊ុនអេសស៊ីជីមានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់គ្នា ។ យើងអាចយល់បានពីបញ្ហារបស់ម្ចាស់លំនៅដ្ឋាន ដែលគិតថាការស្វែងរកជាងសំណង់គឺជារឿងស្មុគស្មាញហើយពិបាកក្នុងការស្វែងរកជាងសំណង់ ដែលមានគុណភាព ។ ខណៈ ដែលជាងសំណង់ពុំមានឱកាសផ្សព្វផ្សាយអំពីខ្លួនឯង និងទទួលបានការងារឲ្យបានច្រើនដើម្បីបង្កើនប្រាក់ចំណូលដូច្នេះយើងមានក្តីរីករាយក្នុងការជួយដល់ជាងសំណង់ ដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវឲ្យទទួលបានអតិថិជនកាន់តែច្រើនដោយផ្គូផ្គងពួកគេជាមួយនឹងម្ចាស់លំនៅដ្ឋាន ដែលកំពុងស្វែងរកជាងសំណង់ និងសម្ភារសំណង់ ដែលមានគុណភាព”៕ វឌ្ឍនា