ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាអាណត្តិទី៦នេះមិនបានកើតឡើងដោយឯកបក្សនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សដែលនឹងដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦បានបំភ្លឺថា រដ្ឋសភា អាណត្តិទី៦នេះមិនបានកើតឡើងដោយ ឯកបក្សដូចការរិះគន់របស់ក្រុមប្រឆាំង មួយចំនួនតូចនោះទេ ដោយសារតែមាន អនុវត្តច្បាប់ដោយគោរពលើស្មារតី និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា រដ្ឋសភាអាណត្តិទី៦នេះកើតឡើងដោយឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ តាមរយៈការបោះឆ្នោតស្ថិតក្នុងបរិយា កាសនយោបាយអព្យាក្រឹត សេរី ពហុបក្ស តម្លាភាព សន្តិភាព និងគ្មានអំពើហិង្សា ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីបានទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលថ្មីដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញភូគីត្រាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក សុខ ឥសាន បានពន្យល់ថា លទ្ធ ផលនៃការទទួលបានអាសនៈក្នុងរដ្ឋសភាទាំងស្រុងពីការប្រកួតប្រជែងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមានការចូលរួមរហូតដល់២០គណបក្ស នយោបាយនេះគឺឆ្លុះបញ្ចាំងទាំងស្រុងពី ឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាដែលមានការជឿទុកចិត្តទៅលើ គណបក្សប្រជាជនកម្ពុជាក្នុងការត្រួស ត្រាយផ្លូវស្វែងរកសុខសន្តិភាព ការអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រូបនេះបានសម្តែងការសោកស្តាយចំពោះក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិចមួយចំនួនដែលប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយចោទថា មិនឆ្លុះបញ្ចាំងពីដំណើរការប្រជាធិបតេយ្យ ផ្ទុយពីការវាយតម្លៃរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពីប្រទេសចិន រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌា វៀតណាម ថៃជាដើមដែលចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកកាលពីថ្ងៃទី២៩ ខែកក្កដាថា បានដំណើរការតាមនីតិវិធីដោយភាពត្រឹមត្រូវ តម្លាភាព ទំនុកចិត្ត ឥតលម្អៀង យុត្តិធម៌ សេរី ពហុបក្ស ។

តាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. ដែលផ្សាយជាសាធារណៈកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨បាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈរដ្ឋសភាទាំង១២៥សម្រាប់ នីតិកាលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាជាង៤លាន៨៨ម៉ឺននាក់ស្មើនឹងជាង៧៧ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានបោះឆ្នោតគាំទ្រកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។

ក្រុមអ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជាលោក សួស យ៉ារ៉ា, លោក សុខ ឥសាន និងលោក ឈឹម ផលវរុន បាន បញ្ជាក់ថា ក្នុងនីតិកាលទី៥នៅរដ្ឋសភាមាន ពហុបក្សតែមានចរិតមិនមែនជាពហុបក្សផង។ ក្នុងនីតិកាលទី៥តំណាងរាស្ត្រ៥៥ នាក់របស់គណបក្សសង្គ្រោះជាតិបានមកតែបើកប្រាក់ខែតែដល់ចូលធ្វើការពហិការរហូត។ ដូច្នេះចរិតរដ្ឋសភានីតិកាលទី៥ ជាចរិតឯកបក្សរួចទៅហើយ ។

លោក សុខ ឥសាន បានថ្លែងថា “បញ្ហា សំខាន់ការទទួលខុសត្រូវការអនុវត្ត និង គោរពទៅតាមឆន្ទៈប្រជាពលរដ្ឋដែល ប្រគល់ការគាំទ្រទៅលើគណបក្សណា មួយឲ្យទទួលខុសត្រូវតែប៉ុណ្ណោះ” ។

ដោយឡែកលោក សួស យ៉ារ៉ា បាន បន្ថែមថា នៅរដ្ឋសភាគឺយើងដំណើរការតែ លើគណបក្សតែមួយ។ តែនៅរាជរដ្ឋាភិ បាលដូចសម្តេចតេជោ ហ៊ុន សែន ប្រកាស កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ យើង បើកទូលាយស្វាគមន៍គ្រប់គណបក្ស ។

ចំណែកលោក ឈឹម ផលវរុន បាន លើកឡើងថា របបសេរីពហុបក្សមិនមែន សំដៅទៅលើតួលេខគណបក្សនៅក្នុងរដ្ឋសភា និងរាជរដ្ឋាភិបាលទេ។ របបនយោ បាយប្រជាធិបតេយ្យ សេរីពហុបក្សសំដៅ ទៅលើប្រព័ន្ធនយោបាយ និងសង្គមដែល នៅកម្ពុជាប្រព័ន្ធនយោបាយយើងមាន ចំណុះគណបក្ស ហើយនៅក្នុងសង្គមយើង មានជាលក្ខណៈសេរីនិយម។ ឯរឿងការ ទទួលបាននីត្យានុកូលភាព ភាពជាតំណាង និងភាពដឹកនាំរាជរដ្ឋាភិបាលនៅនីតិកាលនីមួយៗឆ្លងកាត់ឆន្ទៈរាស្ត្រដែលបាន សម្រេចលើសន្លឹកឆ្នោត។ មិនមែនឆ្លងកាត់ លើនរណាអ្នកថាទេ ។

លោក ឈឹម ផលវរុន បានបញ្ជាក់ថា “អ៊ីចឹងបើរាស្ត្រត្រូវការបក្សច្រើនគឺយើងគោរពឆន្ទៈរាស្ត្រ។ បើរាស្ត្រត្រូវការបក្ស២ នៅក្នុងសភា។ បើរាស្ត្រត្រូវការរដ្ឋាភិបាល គ្រប់គ្រាន់មានសំឡេងភាគច្រើនដាច់ខាត។ អាហ្នឹងយើងគោរពឆន្ទៈរាស្ត្រ។ កន្លងមក ប្រជាពលរដ្ឋក៏ឆ្លងកាត់រួចហើយនៅរដ្ឋ សភាដែលមានគណបក្សច្រើន និងរដ្ឋ សភាដែលមានគណបក្សប្រឆាំង។ តែបទ ពិសោធន៍កន្លងមកប្រជារាស្ត្រក៏ឆ្អែតហើយ នឹងគណបក្សប្រឆាំងនៅរដ្ឋសភាដែលជាគណបក្សប្រឆាំងមិនមែនក្នុងន័យរិះគន់ ដើម្បីស្ថាបនាទេគឺជាគណបក្សបញ្ឆេះ ហើយមិនចូលធ្វើការ ចាំតែយកប្រាក់ខែ។ ដូច្នេះប្រជាពលរដ្ឋគាត់ក៏មិនត្រូវផ្តល់ទៅ គណបក្សប្រឆាំងបែបនេះដែរ។ តែយើង សង្ឃឹមថា ថ្ងៃណាមួយនឹងមានគណបក្ស ប្រឆាំងដែលមានចរិតល្អនៅពេលគេកសាង ខ្លួនបានល្អ” ៕ ហេង សូរិយា


ចែករំលែក៖