ខេត្តឧត្ដរមានជ័យ ៖ បឹងស្នោរ ជាបឹងធម្មជាតិមួយ មានប្រភពទឹកមិនចេះរីងស្ងួត ត្រូវបានគេបង្ហូរទឹកកង្វក់ចូល ខណៈប្រជាពលរដ្ឋ ច្រើនគ្រួសារបានប្រើប្រាស់ទឹកបឹងនេះ មានការព្រួយបារម្ភយ៉ាងខាំ្លង ចំពោះបញ្ហាសុខភាព របស់ពួកគាត់។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពួកគាត់ បានប្រើប្រាស់ទឹកបឹងនេះ រាល់ថ្ងៃនោះ បានឲ្យដឹងថា ទឹកកង្វក់ដែលបង្ហូរចូលបឹងស្នោរ គឺបង្ហូរចេញពីមន្ទីរពេទ្យបង្អែកខេត្តចូលមកតាមប្រព័ន្ធលូផ្សេងៗ ចម្រុះគា្នធា្លក់ចូលក្នុងបឹងទឹកស្នោរ ដែលជាទឹកបឹងពលរដ្ឋ បានប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋ មានការព្រួយបារម្ភថា នៅពេលខាងមុខ កាកសំណល់ទឹកកខ្វក់ បានបង្ហូរចូលមកក្នុងទឹកបឹងស្នោរ ដោយពុំមានការគិតគូរ ដល់សុខភាពអ្នកប្រើប្រាស់ តើពលរដ្ឋយកមកប្រើប្រាស់យ៉ាងដូចម្តេច…?។ កត្តាជីវភាពមានការខ្វះខាត ពលរដ្ឋដែលគ្មានលទ្ធភាពប្រើប្រាស់ទឹកស្អាត ត្រូវបង្ខំចិត្តប្រើប្រាស់ទឹកបឹងស្នោរ ដែលបច្ចុប្បន្ននេះ ខាងមន្ទីរពេទ្យបង្អែក បានបង្ហូរកាកសំណល់ទឹកកខ្វក់ចូលដោយពុំមានការបញ្ចៀសចេញទៅកន្លែងផ្សេង ។
ពាក់ព័ន្ធ និងបញ្ហានេះ ក្រុមការងារយើង សុំការបំភ្លឺពី ខាងមន្ទីរពេទ្យបង្អែកខេត្ត នឹងខាងអាជា្ញធរ ក្រុងសំរោងមិនទាំន់ បាននៅឡើយទេ ដោយប្រព័ន្ធលេខទូរស័ព្ទរបស់លោកជាប់រវល់។
តាមប្រភពព័ត៌មានរបស់ពលរដ្ឋមា្នក់ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ការបង្ហូរកាកសំណល់ទឹកកខ្វក់នេះ គឺវាមានយូរ ណាស់មកហើយ ប៉ុន្តែខាងអាជា្ញធរក្រុងហាក់បីដូចជាមិនបានយកចិត្តទុកដាក់ ចំពោះរឿងនេះ បើទោះបីពលរដ្ឋបានប្រាប់ទៅខាងអាជា្ញធរមូលដា្ឋនយ៉ាងណាក៏ដោយនោះ។
ពលរដ្ឋដែលបានប្រើប្រាស់ទឹកបឹងស្នោរមួយចំនួន សុំអោយខាងអាជា្ញធរក្រុងសំរោងធ្វើយ៉ាងណាត្រូវបង្វែរប្រព័ន្ធកាកសំណល់ទឹកលូកខ្វក់នោះហូរចេញទៅតាមកន្លែងផ្សេងកុំបង្ហូរចូលមកក្នុងទឹកបឹងព្រោះពួកគាត់បានប្រើប្រាស់ទឹកបឹងស្នោរនេះ វាបណ្តាលអោយប៉ះពាល់ខូចដល់សុខភាពរបស់ពួកគាត់។
សូមបញ្ជាក់ថា បឹងស្នោរ បច្ចុប្បន្ននេះ សត្វស្លាប និងសត្វល្មូនគ្រប់ប្រភេទក្នុងបឹង ដែលធ្លាប់រស់នៅទីនោះ ត្រូវបានបាត់បង់បណ្ដើរៗ ទម្រង់ផ្ទៃបឹង ត្រូវបានគេកំពុងតែជីក នេះម្ដុំនោះម្ដុំ (ដូចបាយខុំ ) យកអាចដី ទាំងយប់ទាំងថ្ងៃ ក្រោមលេសគម្រោងអភិវឌ្ឍន៍របស់ខេត្ត ៕ ប៉ែន នួន