ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ដោះលែង​ លោក​ គឹម​ សុខ​​ នៅ​ថ្ងៃ​នេះ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រភពព័ត៌មាន​ បង្ហើប​ថា​ បន្ទាប់​ពី​អនុវត្ត​ទោស​បញ្ចប់​ជា​ស្ថាពរ​រយៈពេល​១ឆ្នាំ​៦ខែ​រួចមក​ លោក​ ​គឹម​ សុខ​ ដែល​អះអាង​ថា​ជា​អ្នក​វិភាគ​សង្គម​ នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី​១៧​ ខែ​សីហា​ នេះ​ ។

ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ បង្ហើប​ឱ្យ​ដឹង​ថា​ ខាង​ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ គឺ​ បាន​ចេញ​ដីកា​ដោះលែង​លោក​គឹម​ សុខ​ រួចហើយ​ ។ ការ​កំណត់​ដោះលែង​ គឺ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧​ ខែ​សីហា​ នេះ​ ។ ប៉ុន្តែ​ការ​ដោះលែង​ នៅ​ពេល​ព្រឹក​ ឬ​ រសៀល​ នោះ​ គឺ​ស្ថិត​តាម​ការ​អនុវត្ត​ជាក់​ស្ដែង​ ។

ប្រភពព័ត៌មាន​ បន្តថា​ ការ​អនុវត្ត​ទោស​១ឆ្នាំ​៦ខែ​នេះ​ គឺ​ ពាក់ព័ន្ធ​បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​ ដែល​ចោទប្រកាន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត​ កែម​ ឡី​ ។

ទោះបី​លោកគឹម​ សុខ​ ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃទី​១៧​ ខែ​សីហា​ នេះ​ ក៏ដោយ​ តែ​សំណុំរឿង​មួយ​ករណី​ទៀត​ គឺ​ ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិនដែល​ឃើញ​ នោះ​ គឺ​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​តុលាការ​ដដែល​ ៕ចេស្តា


ចែករំលែក៖