ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបមិនបានសម្រេចបណ្តាលឲ្យដួលម៉ូតូ រត់ចោលម៉ូតូ គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បើកម៉ូតូធ្វើសកម្មភាពឆក់កាបូប ជនជាតិបរទេសកំពុងជិះម៉ូតូកង់បីឥណ្ឌា នៅតាមដងផ្លូវមិនបានសម្រេច បណ្តាលឲ្យទាក់ដៃចង្កូតម៉ូតូដួលរួចរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែង នឹងផ្លូវលេខ១៤៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-9835 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើបានធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេសកំពុងជិះម៉ូតូកង់បីឥណ្ឌាបើក នៅខាងមុខស្របទិសដៅគ្នាមិនបានសម្រេចបណ្តាលម៉ូតូជនសង្ស័យដាក់ដៃចង្កូតដួលម៉ូតូ ភ្លាមៗ នោះជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកម៉ូតូមួយគ្រឿងនៅនឹងកន្លែង។

បន្ទាប់កើតហេតុជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ បានបន្តដំណើរទៅមុខបាត់។ ចំណែកម៉ូតូជនសង្ស័យសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់២ ដើម្បីទុកស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖