ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុ និយមបានប្រកាសថាទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាមបានឡើង សាជាថ្មីហើយកាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។ តាមការព្យាករកម្ពស់ទឹកទន្លេមេគង្គនៅផ្នែកខាងលើនឹងបន្តឡើងដល់ថ្ងៃទី១៩-២១ ខែ សីហា ឆ្នាំ២០១៨។ ដោយឡែកនៅទន្លេ មេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកនឹងបន្តឡើងសន្សឹមៗបន្ថែមទៀត ។
សេចក្តីជូនដំណឹងស្តីពីស្ថានភាពកម្ពស់ទឹកទន្លេរបស់ក្រសួងធនធានទឹក និងឧតុ និយមចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨បានបង្ហាញថា៖
១-ទឹកមេគង្គ-ខេត្តស្ទឹងត្រែង៖
នៅម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៨ ទឹកមានកម្ពស់១០,៤៨ម៉ែត្រ។ ទឹកអាចបន្តឡើងដល់១០,៧៥ម៉ែត្រនៅ ថ្ងៃទី១៩ ខែសីហា (កម្រិតប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ) ។
២-ទន្លេមេគង្គ-ក្រចេះ៖
នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨ ទឹកមានកម្ពស់២១,៣៤ ម៉ែត្រ។ ទឹកអាចបន្តឡើងដល់២១,៩៥ ម៉ែត្រនៅថ្ងៃទី២០ ខែសីហា (កម្រិតប្រុង ប្រយ័ត្ន២២ម៉ែត្រ) ។
៣-ទន្លេមេគង្គ-ខេត្តកំពង់ចាម៖
នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨ ទឹកមានកម្ពស់១៤,៨៨ ម៉ែត្រ។ ទឹកអាចនឹងបន្តឡើងដល់១៥,៣៥ ម៉ែត្រ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (កម្រិតប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ) ។
៤-ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេ បាសាក់ទឹកបន្តឡើងសន្សឹមៗបន្ថែមទៀត៖
ជាមួយសេចក្តីប្រកាសខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បាន ប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពទឹកទន្លេមគង្គដែលកំពុងបន្តឡើងនេះ ។
ពាក់ព័ន្ធនឹងស្ថានភាពទឹកជំនន់ទន្លេ មេគង្គក៏ត្រូវបានក្រសួងធនធានទឹក និង ឧតុនិយមប្រកាសកាលពីព្រឹកថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កម្ពស់ទឹកនៅទន្លេ មេគង្គ-ស្ទឹងត្រែង ទន្លេមេគង្គ-ក្រចេះ ទន្លេ មេគង្គ-កំពង់ចាមទឹកបានបន្តឡើងបើធៀបនឹងថ្ងៃទី១៦ ខែសីហា ហើយជិតដល់កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នហើយ។ ទន្លេ បាសាក់-ចតុមុខនៅភ្នំពេញ ទឹកស្រកចុះ បន្តិច។ ទន្លេមេគង្គ-អ្នកលឿង ក្នុងខេត្តព្រៃ វែង គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ ខែសីហា ទឹកនៅនឹង។ ទន្លេបាសាក់-កោះខែល ក្នុង ខេត្តកណ្តាល ទឹកស្រកបន្តិចតែបន្តស្ថិតនៅលើកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅឡើយ។ ដោយឡែកទឹកបឹងទន្លេសាបនៅ ព្រែកក្តាម និងកំពង់ហ្លួងគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ ខែសីហាទឹកនៅបន្តឡើង បន្តិចបន្តួច ។
ចំណែកកម្ពស់ទឹកព្យាករណ៍សម្រាប់ រយៈពេល៣ថ្ងៃគិតពីថ្ងៃទី១៨-២០ ខែ សីហា ឆ្នាំ២០១៨ នៅតាមស្ថានីយជលសាស្ត្រទាំង៧កន្លែងរបស់ក្រសួងធនធាន ទឹក និងឧតុនិយមបាមបង្ហាញថា ទឹកនឹង បន្តឡើងដោយក្នុងនោះទឹកទន្លេមេគង្គ-ស្ទឹងត្រែងនៅថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ ២០១៨ កម្ពស់ទឹកនឹងឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។ រីឯនៅទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ទឹកក៏នឹងបន្តឡើងលើសកម្រិតប្រុងប្រយ័ត្ននៅថ្ងៃទី១៩-២០ ខែ សីហា។ ដោយឡែកនៅទន្លេបាសាក់-កោះ ខែល ក្នុងខេត្តកណ្តាល ទឹកក៏បន្តឡើង លើសកម្រិតកម្ពស់ប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ១៨-២០ ខែសីហា ឆ្នាំ២០១៨ ។
អំពីផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គគិតចាប់ពីចុងខែកក្កដារហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ត្រូវបានលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយលើកឡើងថា ទឹកជំនន់ទន្លេមេគង្គបានកើតឡើងនៅ៦ខេត្តគឺនៅខេត្តស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ ចាម កណ្តាល និងខេត្តព្រៃវែងដោយមាន ៣៩ស្រុក-ក្រុង និងមាន២០៧ឃុំ-សង្កាត់។ ក្នុងនោះមានប្រជាពលរដ្ឋប៉ះពាល់សរុប ចំនួន៨២.៩៦៤គ្រួសារ ហើយប្រជាពល រដ្ឋចំនួន៩.៩៣៥គ្រួសារត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។
លោក កែវ វី បានបន្តថា ប្រជាពលរដ្ឋរង គ្រោះស្លាប់ដោយទឹកជំនន់នៅខេត្តទាំង៦ មានចំនួន១៨នាក់ដោយ ក្នុងនោះមាននៅខេត្តកំពង់ចាម១០នាក់ ត្បូងឃ្មុំ២នាក់ ក្រចេះម្នាក់ ស្ទឹងត្រែងម្នាក់ ព្រៃវែង៤នាក់ ប្រជាពលរដ្ឋរងរបួស៦នាក់, ផ្ទះដែលបានរុះរើដោយសារបាក់ច្រាំងទន្លេ២៨ខ្នង, វត្ត អារាមលិចទឹក១០៥កន្លែង, មណ្ឌល សុខភាពលិចទឹក១៨កន្លែង, សត្វពាហនៈ គោក្របីសេះពពែដែលជម្លៀសទៅកាន់ ទីទួលសុវត្ថិភាព២៦.២៧០ក្បាល, ស្រូវ សន្ទូងពង្រោះលិចទឹក៣៧.៨១០ហិកតា ខូចខាត៧៧២ហិកតា និងសំណាបខូច ខាត១២ហិកតា។ ចំណែកដំណាំរួមផ្សំ នឹងដំណាំចម្ការលិចទឹក៦.៦៤៣ហិកតា ខូចខាត២.០៣៩ហិកតា។ រីឯផ្លូវលំជនបទ លិចទឹកសរុបចំនួន៩៩១គីឡូម៉ែត្រ ។
ជាមួយគ្នានេះក្រសួងធនធានទឹក និង ឧតុនិយមបានប្រកាសថា មកដល់ម៉ោង៦ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ទឹកស្ទឹង សង្កែក្រុងបាត់ដំបងបានបន្តស្រកចុះមកនៅកម្ពស់១៣,៧០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១៣,៧៥ ម៉ែត្រ) ។
សូមរម្លឹកថា ទឹកស្ទឹងសង្កែបានចាប់ផ្តើម ឡើងជាថ្មីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨ ដោយសារតែទឹកភ្លៀង។ ក្នុងនោះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុ និយមបានបញ្ជាឲ្យមន្ត្រីជំនាញកាយមុខ ទឹក២កន្លែងដើម្បីបញ្ចៀសទឹកចេញពីស្ទឹងសង្កែ។ កាលពីចុងខែកក្កដា ឆ្នាំ២០១៨ទឹក ស្ទឹងសង្កែបានឡើងម្តងរួចមកហើយ ៕ ហេង សូរិយា