ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិត សម រង្ស៊ី ថាទឹកសមុទ្រខ្មែរមិនត្រជាក់ស្រួលដូចទឹកសមុទ្របារាំងទេ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយបរាជ័យផ្ទួនៗនៅក្នុងជីវិតនយោបាយដោយសារតែមិនអាចបោករាស្រ្តខ្មែរជាង៨០ភាគរយឲ្យជឿតាមខ្លួនក្នុងការ មិនឲ្យទៅចូលរួមបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨បាន នោះទណ្ឌិត សម រង្ស៊ី បានចាប់ផ្ដើមក្រពុល មុខខ្លាំងឡើងៗហើយរហូតដល់សូម្បីតែ ទឹកសមុទ្ររបស់ខ្មែរក៏លោកដៀលត្មះថា មិនត្រជាក់ស្រួលខ្លួនដូចទឹកសមុទ្ររបស់ប្រទេសគេដែរ ។

ក្រោយបរាជ័យក្នុងការអំពាវនាវដល់ ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងអ្នក នយោបាយផ្សេងៗទៀតកុំឲ្យចូលរួមបោះឆ្នោត និងទៅបោះឆ្នោតរួចមកនោះទណ្ឌិត សម រង្ស៊ី មិនត្រឹមតែដៀលពួកគេជាអាយ៉ង ជាពួកអត់បានការជាស្លឹកចេកដែលគេខ្ចប់ហើយបោះចោលប៉ុណ្ណោះទេ សូម្បីតែទឹកសមុទ្រខ្មែរដែលជាវត្ថុឥតវិញ្ញាណសោះក៏លោកហ៊ានដៀលត្មះថា ចាញ់ទឹកសមុទ្រ បរទេសទៅវិញ ។

ខណៈទណ្ឌិត សម រង្ស៊ី នាំចៅៗទៅមុជ ទឹកសមុទ្រលេងនៅឯប្រទេសបារាំងនោះ លោកបានសរសេរសារបង្ហោះនៅលើហ្វេស ប៊ុករបស់លោកថា «មុជទឹកសមុទ្រជាមួយ ចៅនៅប្រទេសបារាំង។ សមុទ្រស្រុកគេ ត្រជាក់ជាងស្រុកយើងឆ្ងាយណាស់»។ ការ អះអាងរបស់លោកខាងលើនេះវាមិនខុសពីលោកមើលងាយទឹកសមុទ្ររបស់ខ្មែរ យើងថា ក្ដៅ មិនស្អាត មិនល្អដូចទឹកសមុទ្រ របស់ប្រទេសបារាំង។ ការនិយមតែរបស់ បរទេសយកបរទេសធ្វើជាចៅហ្វាយនាយ ជំនួសឲ្យខ្មែរដែលជាជាតិសាសន៍ខ្លួនឯងបែបនេះវាផ្ទុយទៅនឹងអ្វីដែលលោកតែងតែអះអាងយ៉ាងរត់មាត់ដូចសត្វសេកថា លោកស្នេហាជាតិ លោកស្រលាញ់ជាតិ ស្រលាញ់ប្រជាជន តែធាតុពិតកុំថាឡើយ ជាតិនិងប្រជាជន សូម្បីតែទឹកសមុទ្ររបស់ខ្លួនឯងសោះក៏លោកមិនឲ្យតម្លៃ និងមាក់ ងាយដែរខុសពីជាតិសាសន៍ដទៃដែលបានផ្ដល់តម្លៃឲ្យសមុទ្រខ្មែររហូតវាយតម្លៃឲ្យសមុទ្រខ្មែរជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រដែលស្រស់ស្អាតជាងគេលើពិភពលោកទៀតផង ។

ចរិតធ្វើនយោបាយនិយមបរទេសយកបរទេសធ្វើជាចៅហ្វាយនាយរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកុំថាឡើយសង្ឃឹម ឈ្នះឆ្នោតនោះ សូម្បីធ្វើនយោបាយរហូត ដល់ចាស់អស់ជីវិតទៀតក៏កុំសង្ឃឹមថា បានឈ្នះឆ្នោតឲ្យសោះ ព្រោះរាស្រ្តខ្មែរ សម័យនេះយល់ដឹងពីអ្វីជារបស់ខ្មែរជាជាតិសាសន៍ខ្មែរខ្លួនឯងមានប្រយោជន៍ជាងជាតិសាសន៍ដទៃច្បាស់លាស់ណាស់។ ពិសេស ទៀតនោះបើទណ្ឌិត សម រង្ស៊ី ពោលថា ទឹកសមុទ្រនៅប្រទេសបារាំងត្រជាក់ស្រួលជាងស្រុកខ្មែរហើយ ដូច្នេះក្រុមគ្រួសារ និង សាច់ញាតិរបស់ទណ្ឌិត សម រង្ស៊ី សូមកុំ ទៅលេងទឹកសមុទ្ររបស់ខ្មែរអី ព្រោះវា មិនល្អមិនត្រជាក់ស្រួលដូចនៅបារាំងទេ។ លើសពីនោះទៀតអ្វីដែលទណ្ឌិត សម រង្ស៊ី លើកឡើងមាក់ងាយទឹកសមុទ្រក៏អាច និយាយបានដែរថា កំពុងចូលរួមរាំងខ្ទប់ ភ្ញៀវទេសចរមិនឲ្យមកលេងទឹកសមុទ្រខ្មែរផងដែរ ៕ ហេង សូរិយា


ចែករំលែក៖