ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុករថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុកទ្រូងផ្លូវ និងស្លាកសញ្ញាចរាចរណ៍បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកព្រូសពេញទំហឹងរួចរ៉េចង្កូតទៅបុកទ្រូងផ្លូវ និងស្លា​កសញ្ញាចរាចរណ៍អស់ចំនួន១ដើម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃសុក្រ ៦កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវ៣៧១សឡា ( ក្បែរថ្លឹងឡានចាស់ )ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ស្លាក់លេខ ភ្នំពេញ 2AP 5469 មានគ្នាប្រុសស្រី២នាក់បានធ្វើដំណើរតាមតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ខណៈដែលប្រុងនឹងបត់ចូលក្នុងបុរីប៉េងហួត ដែលជាផ្ទះរបស់ខ្លួន ពេលនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាក់លេខ កំពង់ធំ 3A- 1217 បើកបរដោយបុរសម្នាក់ពីទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជាន់ហ្វ្រាំងតែមិនសុី រួចជ្រុលទៅបុករថយន្តព្រូសចំ ជំហៀងខាងឆ្វេង រួចរ៉េទៅបុកទ្រូងផ្លូវ និងស្លាក់សញ្ញាចរាចរណ៍បាក់អស់១កង់ ចំណែករថយន្តរងការខូចខាតទាំងសងខាង ។ ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នកណារងរបួសនោះទេ ។

ក្រោយកើតហេតុ ស​មត្ថកិច្ចមូលដ្ឋានបានទំនាក់ទំទៅមន្ត្រីជំនាញចរាចរណ៍ជើងគោក ដើម្បីចុះមកវ៉ាស់វែង និងស្ទួចរថយន្តទាំង២គ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖