ភ្នំពេញ៖ រថយន្តឡិចស៊ីស RX300 មួយគ្រឿង បានបោះពួយយ៉ាងលឿន ខណៈដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿន ក៏ជ្រុលទៅបុករថយន្តឡិចស៊ីសGS300មួយគ្រឿងទៀត រួចប៉ើងទៅបោកផ្ទប់ និងក្បាលនាគចែកទ្រូងផ្លូវបណ្តាលខូតខាតយ៉ាងដំណំ ។ ចំណែករថយន្តបើករត់គេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅ និងកន្លែងកើត ។ សំណាងមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០-១០នាទីយប់ ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩កែង និងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើរថយន្តឡិចស៊ីស RX300 មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2Q-4849 បើកបរតាមបណ្តោយផ្លូវ៥២៨ ទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿងលុះមកស្តុបបែកជាបួនកែង និងផ្លូវ២៨៩ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីសGS300ពណ៌សពាក់ស្លាលេខ ភ្នំពេញ 2AB-1562 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៨៩ទិសដៅពីត្បូងទៅជើងពេញទំហឹងចំហៀងខាងស្តាំប៉ើងទៅផ្ទុប និងក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យឡិចស៊ីសGS300ខូតខាតផ្នែកទាំងសងខាងយ៉ាងដំណំ ។ ចែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅ និងកន្លែងកើតហេតុ ។ រីឯទ្រូវផ្លូវរងការប្រេះបែកតិចតួច ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័ចរាចរផ្លូវគោករាជធានីភ្នំពេញ ។ ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តដើម្បីយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ