ភ្នំពេញ៖ ថ្ងៃទី១៧ សីហា ២០១៨Soyo រៀបចំកម្មវិធីគម្រប់ខួបមួយឆ្នាំនៃការបង្ហាញវត្តមានរបស់ខ្លួនលើវិស័យភាពយន្តកម្សាន្តនៅកម្ពុជា ដោយអញ្ជើញក្រុមអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យភាពយន្តកម្ពុជា ក្នុងនោះមានអ្នកដឹកនាំអ្នកផលិតអ្នកនិពន្ធតួសម្ដែងអ្នកវិនិយោគ និងភាគីពាក់ព័ន្ធនានាឲ្យចូលរួម ។ កម្មវិធីនេះ នឹងធ្វើកិច្ចពិភាក្សាមួយរវាងអ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្តកម្ពុជា ក្រោមប្រធានបទ “អ្វីជាជំហ៊ានបន្ទាប់សម្រាប់វិស័យភាពយន្តក្នុងសម័យឌីជីថលនៅកម្ពុជា? ឬ What’s next for digital entertainment in Cambodia?”
ចាប់តាំងពីដំណើរការក្នុងឆ្នាំ២០១៧ Soyo បានរួមចំណែកត្រួសត្រាយផ្លូវសម្រាប់វិស័យភាពយន្តនៅកម្ពុជាដោយរៀបចំគម្រោងជាច្រើនគាំទ្រដល់វិស័យភាពយន្តជាតិតាមរយៈការផ្ដល់ទុនដល់ផលិតករជំនាន់ថ្មីទាំងឡាយឲ្យមានឱកាសផលិតចេញស្នាដៃរបស់ខ្លួន និងដាក់បង្ហាញដល់សាធារណជនតាមវិស័យកម្សាន្តអនឡាននៅលើកម្មវិធីSoyo ផ្ទាល់ ។ ក្រៅពីធ្វើការយ៉ាងសកម្មជាមួយ និងការផ្ដល់ទុនវិនិយោគដល់ផលិតករSoyo ក៏បានប្រមូលទិញភាពយន្តខ្មែរទាំងថ្មី និងចាស់ទិញសិទ្ធិភាពយន្តពីប៉ុស្តិ៍ទូរទស្សន៍សហការជាមួយទូរទស្សន៍នានាដើម្បីផលិតរឿងថ្មីៗ និងបង្កើតកម្មវិធីប្រកួតផលិតភាពយន្តខ្នាតខ្លីជាច្រើនគិតជាទឹកប្រាក់សរុបប្រមាណ៥០ម៉ឺនដុល្លារអាមេរិក និងមានវីដេអូសរុបចំនួនជាង៥០០ចំណងជើងនៅលើSoyo ។ នេះបើតាមការបញ្ជាក់របស់លោកជីសិលានាយកប្រតិបត្តិក្រុមហ៊ុនSoyo ។
ក្នុងឱកាសគម្រប់ខួប១ឆ្នាំនេះដែរ លោក ជីសិលា បានប្រកាសបន្តទទួលទិញ និងវិនិយោគលើកុនជាមួយផលិតករខ្មែរដោយលោកបានបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៩ខាងមុខនេះលោកគ្រោងនឹងវិនិយោគប្រាក់បន្ថែមអាចនឹងច្រើនជាងឆ្នាំចាស់ទៀតអាស្រ័យទៅតាមសាច់រឿង ដែលទទួលបានជាក់ស្តែង ។ លោកបានបន្តថា “ឥឡូវSoyo អត់ទាន់វិនិយោគលើកុនធំពេកទេដោយសារលទ្ធភាពយើងនៅមានកំណត់ ។ តែយើងចង់មានភាពយន្តច្រើនបែបច្នៃប្រឌិតថ្មីៗ ។ ហើយប្រភេទកុន៣យ៉ាងយើងចាប់អារម្មណ៍សហការជាមួយផលិតករមានដូចជាWeb Series, Short Films ឬShort Feature Films ។ ការរើសមិនតឹងតែងនោះទេ…ឲ្យតែផលិតករមានគ្រប់លក្ខខណ្ឌ និងផែនការច្បាស់លាស់លើគម្រោងរបស់ខ្លួនគាត់អាចដាក់ស្នើគម្រោងរបស់គាត់មកយើងហើយបើឃើញថាល្អយើងនឹងសហការផលិតជាមួយគាត់តែម្ដង” ។
បុរសដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យកម្សាន្តកម្ពុជានេះសង្ឃឹមថា តទៅទៀតទាំងជំនាន់ថ្មី និងអ្នកមានបទពិសោធធ្វើកុនក្រាស់ក្រែលចូលរួមផលិតឲ្យបានច្រើនហើយSoyo នៅតែសន្យាថានឹងទ្រទ្រង់ទៅលើផ្នែកសំខាន់មួយចំនួនរួមមានដើមទុនការបង្កើតកម្មវិធីវគ្គបណ្ដុះបណ្ដាលដោយមានគ្រូបង្វឹកពីអន្តរជាតិ និងការគាំទ្រផ្សព្វផ្សាយដោយក្រុមហ៊ុនSabay ជាដើម ។
Soyo ក៏នឹងលើកទឹកចិត្តឲ្យអ្នកផលិតទាំងអស់ចូលរួមជាមួយខ្លួនដើម្បីទ្រទ្រង់រាល់ដំណើរការផលិតទាំងអស់ និងសំណូមពរឲ្យអ្នកធ្វើការក្នុងឧស្សាហកម្មភាពយន្តទាំងអស់រួមសហការគ្នាដើម្បីជំរុញឲ្យវិស័យនេះកាន់តែរីកចម្រើន និងធ្វើយ៉ាងណាឲ្យទស្សនិកជនចូលរួមចលនាគាំទ្រភាពយន្តខ្មែរ ។ ចូលរួមទាំងអស់គ្នាដើម្បីឲ្យកុនខ្មែរកាន់តែអស្ចារ្យ ។ ប្រសិនបើផលិតករទាំងអស់ចាប់អារម្មណ៍សហការជាមួយSoyo អាចផ្ញើគម្រោងផលិតភាពយន្តថ្មីៗរបស់ខ្លួនមកកាន់Soyo បាន៕ វឌ្ឍនា