ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខមួយរយៈ សន វិជ្ជបុត្រវិលមករកការងារមនុស្សធម៌ជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង សន វិជ្ជបុត្រ ដែលធ្លាប់បានលេចមុខច្រើនក្នុងការងារមនុស្សធម៌សង្គមកន្លងមកបានបាត់មុខមួយរយៈពេល ក្រោយមមាញឹកនឹងមុខជំនួញផ្ទាល់ខ្លួន ។ ទោះជាយ៉ាងណាតារាប្រុសរូបនេះស្រាប់តែលេចមុខជាថ្មីក្នុងកម្មវិធីចុះចែកអំណោយដល់ ប្រជាជនរងគ្រោះដោយទឹកជំនន់នាខេត្តស្ទឹងត្រែង ។

សន វិជ្ជបុត្រ និងសិល្បករមួយក្រុមបានចុះចែកអំណោយជាអាហារ និងសម្លៀកបំពាក់ជូនដល់ពលរដ្ឋដែលកំពុងជួបការលំបាក និងរងគ្រោះដោយសារទឹកជំនន់ ប្រមាណជាង៣០០គ្រួសារស្រុកសៀមបូកខេត្តស្ទឹងត្រែង ។ តារារូបនេះបញ្ជាក់ថា លោកបានបាត់មុខមួយរយៈដោយសារមមាញឹកខ្លាំងនឹងមុខជំនួញផ្ទាល់ខ្លួនគឺការទិញលក់រថយន្តនោះទើបមិនមានពេលវេលាច្រើនប្រឡូកការងារសិល្បៈ និងការងារសង្គមដូចគ្រាមុន ។

ទោះជាយ៉ាងណា លោកថា ពិបាកនឹងបិទភ្នែកគេងលក់ស្រួល ព្រោះតែគិតដល់ពលរដ្ឋរងគ្រោះដោយទឹកជំន់ ទើបសម្រេចចិត្តចេញមុខជួយជាថ្មី ដោយបានការរួមចំណែកជួយពីបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងនៅក្នុងស្រុក រួមទាំងកញ្ញា អេណា និងលោកអាឡាស្កូជាដើម ។ បើទោះបីជាធ្វើដំណើរផ្លូវឆ្ងាយនឹងត្រូវវិលត្រឡប់មកភ្នំពេញវិញទាំងយប់ ក៏លោកថាសកម្មភាពនេះហាក់បានធ្វើឲ្យលោកមានអារម្មណ៍សប្បាយចិត្តបន្តិចក្រោយបានរួមចំណែកជួយដល់ការងារសង្គមមួយនេះបើទោះបីជាមិនច្រើនប៉ុន្តែវាគឺជាទឹកចិត្តរបស់លោក និងញាតិមិត្តក្នុងនិងក្រៅស្រុក និងឆ្លុះបញ្ចាំងពីការចូលរួមចំណែកជួយគ្នាក្នុងគ្រាលំបាកនោះ ។ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែលដីដែលបានចូលរួមចំណែកជួយសម្រួលទីកន្លែង និងកិច្ចការងារមួយចំនួនដើម្បីឲ្យលោក និងសិល្បករដទៃអាចធ្វើការងារនេះបានសម្រេចប្រកបដោយជោគជ័យ ។

លោកលើកឡើងដែរថា ក៏មានបំណងចែកជាអំណោយមនុស្សធម៌ស្រដៀងគ្នានេះនៅលើទឹកដីនៃខេត្តព្រៃវែងដែលកំពុងរងគ្រោះដោយទឹកជំនន់ផងដែរ ប៉ុន្តែលោកនៅមិនទាន់កំណត់ថាថ្ងៃណានៅឡើយ ។

ជុំវិញការងារសិល្បៈវិញតារាចម្រៀងរូបនេះបញ្ជាក់ថា មិនបោះបង់ចោលនោះទេ គឺគ្រាន់តែដកឃ្លាខ្លះ ដើម្បីការងាររកទទួលទាន ហើយលោកក៏មានគម្រោងចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលី នៅពេលដ៏ខ្លីខាងមុខនេះផងដែរ៕ វឌ្ឍនា


ចែករំលែក៖