ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកលក់បបរម្នាក់ដកហូតថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិចឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលក់ថ្នាំញៀនតាមរយៈការលក់បបរគ្រឿង ដើម្បីបន្លំភ្នែកសមត្ថកិច្ច ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចចម្ការអំពៅ ស្ថិតនៅភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ ហម ចាន់ណា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។

ក្តោយឃាត់ខ្លួន សមត្ថកិច្ចដកហូតសម្ភាររួមមានម្សៅក្រាមពណ៌ សចំនួន៥កញ្ចប់តូច ទូរស័ព្ទ១គ្រឿង ដាវ១អាំងស៊ីវទ័រឆក់ត្រី១ ម៉ូតូ១គ្រឿង ម៉ាក់នីក ពណ៌ ស ស្លាកលេខ ព្រះវិហារ 2C.2516 ។

នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីមុខសញ្ញាជួញដូរថ្នាំខាងលើរួចមក កម្លាំងជំនាញបានចុះស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញាបាន ។ មុនពេលឃាត់ខ្លួនជនសង្ស័យបានប្រើរូបភាព ជាអ្នកលក់បបរ តែធាតុពិតមិនមានបបរលក់ឡើយ គឺមានតែរទេះដើម្បីបន្លំភ្នែកសមត្ថកិច្ចនិងមហាជនប៉ុណ្ណោះ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងចម្ការអំពៅមួយកន្លែង ខណៈកំពុងដោះដូរថ្នាំញៀន ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំងអស់គឺជារបស់ខ្លួនប្រាកដមែន ។ គេបានប្តររូបភាពនេះអស់រយៈពេលច្រើនខែមកហើយ ទម្រាំបែកការណ៍ដឹងដល់សមត្ថកិច្ច ។

នៅព្រឹកថ្ងៃទី១៨ សីហា ២០១៨ លោកវរសេនីយ៍ឯកប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖