ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកក្រណាត់បើកលឿនពេក និងគេចជាមួយរថយន្តផ្សែង ក៏បួងចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរារណ៍មួយបង្កឡើងដោយរថយន្តដឹកក្រណាត់មួយគ្រឿង បានធ្វើដំណើរខ្វះការប្រុងប្រយ័ត្នដោយព្យាយាមបើកគេចរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ប្រឡាយ​ កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​ ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ភូមិព្រៃទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​​ រាជធានីភ្នំពេញ ។

បើតាមសម្ដីអ្នកបើករថយន្តដឹកក្រណាត់ដែលក្រឡាប់ធ្លាក់ប្រឡាយ ឈ្មោះ​ ឈួន​ ធឿន​ ភេទប្រុស​ ៣៥​ឆ្នាំ​ បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុខ្លួនបានបើករថយន្តដឹកក្រណាត់ចេញពីរោងចក្រ​ ធ្វើដំណើរតាមបណ្តោយផ្លូវ​ ៣០ម៉ែត្រ​ ទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តពីរគ្រឿងបានបើកបរប្រជែងគ្នាយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត​ ដោយបញ្ច្រាសទិសជាមួយរថយន្តខ្លួន​ ពេលនោះខ្លួនក៏បានទាញចង្កូតរថយន្តគេចស្រាប់តែជ្រុលធ្លាក់ចូលប្រឡាយតែម្តងទៅ​ ចំណែករថយន្ត២គ្រឿងនោះក៏បន្តដំណើរទៅមុខបាត់ស្រមោលតែម្តង​ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះដល់ចំណុចកើតហេតុ​ ដោយឃើញថា រថយន្តខាងលើក្រឡាប់មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈនឹងអ្នកដទៃ​ ជាពិសេសគ្មានមនុស្សរងរបួស​ ទើបសមត្ថកិច្ចសម្រេចឲ្យម្ចាស់រថយន្តបង្កស្ទួចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង​ ៕ ភារ៉ា ដង្កោ

 


ចែករំលែក៖