ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរផ្អាកធ្វើចរាចរណ៍ផ្លូវជាតិលេខ៤ បណ្ដោះអាសន្នដោយសារទឹកជន់លិចខ្លាំងពេក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺកាលពីព្រឹក ថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៨ បានប្រកាសថា ដោយ សារមានភ្លៀងធ្លាក់ច្រើនពេកបង្កឲ្យជន់ហូរលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុច ស្ពានអូរគគីរ ភូមិស្ទឹងច្រាល ឃុំអូរបាក់ រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុនិងត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៩ទៅលេខ៩០ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ស្ថានភាពបែប នេះត្រូវបានអាជ្ញាធរសម្រេចផ្អាកធ្វើចរា ចរណ៍ឆ្លងកាត់ទីនោះបណ្តោះអាសន្នចំពោះ រថយន្តធុនធំៗដែលបើកឆ្លងកាត់នោះ ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើននៅតំបន់ជួរភ្នំក្រវាញបង្កឲ្យមានជំនន់ទឹកភ្លៀងជន់ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ៤ថ្មីម្តង ទៀតត្រង់ចំណុចស្ពានអូរគគីរ(គីឡូម៉ែត្រ ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់ រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៨៩ទៅលេខ៩០ ស្ថិតក្នុងភូមិទី៦ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គិតត្រឹមម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ចរាចរណ៍ឆ្លងកាត់នៅ ចំណុចខាងលើត្រូវបានអាជ្ញាធរផ្អាកជា បណ្តោះអាសន្នសិនហើយមិនឲ្យឆ្លងកាត់ឡើយដោយសារតែខ្លាចខូចផ្លូវជាតិនោះ។

លោក សែម វុឌី នាយប៉ុស្តិ៍នគរបាល រដ្ឋបាលត្រែងត្រយឹងក៏បានឲ្យដឹងដែរថា ស្ថានភាពទឹកជំនន់នេះនាំឲ្យការឆ្លងកាត់ត្រូវផ្អាកជាបណ្តោះអាសន្ន ហើយកម្លាំង នគរបាលរបស់លោកសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរមូល ដ្ឋានបាននិងកំពុងជួយធ្វើអន្តរាគមន៍នៅ ទីនោះ ។

ជាមួយគ្នានេះលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះ គីឡូម៉ែត្រលេខ៨៩-៩០ក៏ត្រូវផ្អាកធ្វើចរា ចរណ៍បណ្តោះអាសន្នដែរ។ បើគិតមក ដល់ពេលនេះកម្ពស់ទឹកហូរកាត់ផ្លូវជាតិជ្រៅបំផុតកម្ពស់ប្រហែល១តឹក និងមាន ចម្ងាយប្រហែល២០០ម៉ែត្រសមត្ថកិច្ចកំពុង សម្រួលចរាចរណ៍ ប៉ុន្តែតែភ្លៀងនៅតែរលឹមមិនទាន់ឈប់ទេ ៕ ហេង នរិន្ទ្រ


ចែករំលែក៖