ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនខ្លះមានអការវិលមុខ ខ្យល់គរ ក្អួត ពេលកំពុងប្រឡង ទទួលបានការសង្គ្រោះបឋម

ចែករំលែក៖

ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ខណៈដែលដំណើរការ​ប្រឡងបាក់ឌុបកំពុងប្រព្រឹត្តទៅ បេក្ខជន បេក្ខនារីចូលរួមប្រឡងខ្លះ មានអការវិលមុខ ខ្យល់គរ ក្អួតជាដើម​នៅតាមមណ្ឌលមួយចំនួន ត្រូវបានក្រុមគ្រូពេទ្យប្រចាំការ​តាមមណ្ឌលប្រឡងសង្គ្រោះបឋម ។

ប្រភពបានឲ្យដឹងយ៉ាងដូច្នេះថា «ស្ថានភាព​បេក្ខជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយ​ចំនួន​មាន​បញ្ហា​សុខភាព ក្នុង​​អំឡុង​ពេល​នៃ​​ដំណើរ​ការ​​សំណេរ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ដោយ​សារ​មាន​អាការៈ​វិល​មុខ ខ្យល់គរ ក្អួត ជាដើម​។ ក្នុង​នោះ បេក្ខជន​ខ្លះ បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាការៈ​ធូរ​ស្រាល​ក្រោយ​ទទួល​បាន​ជំនួយ សង្គ្រោះ​បឋម ពី​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​នោះ» ។

នៅកំពង់ស្ពឺ មានបេក្ខជនសន្លប់ កំពុងទទួលការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការ។

នៅក្រចេះ មាន​បេក្ខជន​ប្រឡងនៃមណ្ឌលវិទ្យាល័យក្រុងក្រចេះខាងកើត មាន​អការស្លេកស្លាំងខ្លាំង ត្រូវបានជួយសង្គ្រោះដោយបញ្ចូន​ទៅមន្ទីរពេទ្យខេត្តក្រចេះ។

ចំណែករាជធានីភ្នំពេញវិញ មានបេក្ខជនមានអការចុកពោះខ្លាំង ក្រុមគ្រូពេទ្យបានឲ្យថ្នាំ ហើយលោកគ្រូក៏បានឲ្យបាយ និង ចេកដើម្បីបរិភោគ។ ដោយអការៈមិនបានធូរស្បើយ លោកប្រធានមណ្ឌលបានអនុញ្ញាតឲ្យបេក្ខជនប្រលងនៅក្រៅបន្ទប់ ដោយមាន​អនុរក្សឈ្មោះត្រួតពិនិត្យ៕


ចែករំលែក៖